គ្រាប់បែកមិនទាន់ផ្ទុះជាច្រើនគ្រាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញនៅក្រោមសួនកម្សាន្តសម្រាប់កុមារ នៅភាគខាងជើងដែនដីអង់គ្លេស បន្ទាប់ពីការរកឃើញដោយចៃដន្យមួយ។

ដំបូងឡើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមមន្ត្រីក្នុងតំបន់នៅទីប្រជុំជន Wooler នៃតំបន់ Northumberland បានកោះហៅអ្នកជំនាញដោះគ្រាប់បែក បន្ទាប់ពីកម្មករដែលពាក់ព័ន្ធនឹងការរុះរើគម្រោងសួនកម្សាន្តកុមារ Scotts Play Park បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ក្រសួងការពារជាតិចក្រភពអង់គ្លេសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកពីរគ្រាប់ដំបូងត្រូវបានដកចេញដោយកងទ័ពអង់គ្លេស ហើយក្រោយមកក៏បានបើកប្រតិបត្តិការរុករកពេញលេញលើតំបន់នេះ។
បន្ទាប់មក ក្រុមហ៊ុនរំសាយគ្រាប់បែក Brimstone Site Investigation បានរកឃើញគ្រាប់បែកទម្ងន់ ១០ផោន ចំនួន ៦៥គ្រាប់ និងគ្រាប់បែកផ្សែងនៅថ្ងៃដំបូងនៃការងារ ជាមួយនឹងគ្រាប់បែក ៩០គ្រាប់ផ្សេងទៀតត្រូវរកឃើញនៅថ្ងៃទីពីរ ហើយគ្រាប់បែកទាំងនោះមានតាំងពីសង្គ្រាមលោកលើកទី២មក។

ក្រុមប្រឹក្សាសហគមន៍កាតូលិកក្នុងតំបន់បាននិយាយថា ឧទ្យានកម្សាន្តសម្រាប់កុមារនោះអាចបើកឡើងវិញ លុះត្រាតែគ្រាប់បែកទាំងអស់ត្រូវបនារកឃើញ និងយកចេញពីទីនោះ ដោយបន្ថែមថា រហូតមកដល់ពេលនេះ គ្រឿងផ្ទុះលើសពី ១៧០គ្រាប់ត្រូវបានរកឃើញ៕