នៅពេលដែលចំណាប់ថ្នូរអ៊ីស្រាអែល ៣នាក់បានបង្ហាញខ្លួនកាលពីចុងសប្តាហ៍មុន ក្នុងស្ថានភាពស្លេកស្លាំង និងស្គមស្គាំង បន្ទាប់ពីការឃុំខ្លួនរយៈពេល ១៦ខែដោយក្រុមហាម៉ាស ជនជាតិអ៊ីស្រាអែលមានការតក់ស្លុតខ្លាំងចំពោះរូបភាពនេះ ប៉ុន្តែមន្រ្តីផ្ទៃក្នុងរបស់រដ្ឋាភិបាលអ៊ីស្រាអែល មិនភ្ញាក់ផ្អើលទេ។

មន្ត្រីអ៊ីស្រាអែលពីរនាក់បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋាភិបាលអ៊ីស្រាអែល មានព័ត៌មានចារកម្មសម្ងាត់ជាច្រើនខែមកហើយដែលបង្ហាញថា ចំណាប់ថ្នូរនៅសេសសល់ជាច្រើននាក់មានសុខភាពមិនល្អទេ” ខណៈក្រុមមន្ត្រីជាច្រើននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសេសសល់ ក៏ត្រូវបានគេជឿថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងនេះទៅទៀត។

មន្ត្រីនិយាយថា ចារកម្មអ៊ីស្រាអែលចង្អុលបង្ហាញថា ក្រុមហាម៉ាស មើលថែចំណាប់ថ្នូរបុរស មិនបានល្អដូចចំណាប់ថ្នូរស្ត្រីទេ ហើយជាពិសេសមានក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះស្ថានភាពរបស់ទាហានប្រុសដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស បន្ទាប់ពីការគំរាមផ្អាកការដោះលែងបន្ថែមទៀត។

ក្រុមមន្ត្រីបានបន្ថែមដោយលើកឡើងពីការវាយតម្លៃរបស់អ៊ីស្រាអែលថា ចំណាប់ថ្នូរបុរសជាច្រើនត្រូវបានផ្តល់អាហារតិចតួច និងទុកឱ្យស្នាក់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ភ័ស្តុតាងដែលគាំទ្រចារកម្មសម្ងាត់នោះ បានកើនឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗ ខណៈចំណាប់ថ្នូរដែលត្រូវបានដោះលែង និងក្រុមគ្រួសារ បានពិពណ៌នាពីស្ថានភាពដ៏តក់ស្លុតអំឡុងការជាប់ឃុំឃាំងរបស់ពួកគេ៕