ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន កំពុងឈានចូលដល់ឆ្នាំទី៤ របស់ខ្លួន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ហើយថា មេដឹកនាំពិភពលោករូបណាដែលលោកគិតថាអាចជួយអាមេរិកបញ្ចប់ជម្លោះបាន នោះមានតែសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺមេដឹកនាំប្រទេសចិន លោក Xi Jinping ប៉ុណ្ណោះ។

លោក Trump បានប្រាប់ក្រុមឥស្សរជននយោបាយ និងធុរកិច្ច ដែលបានប្រមូលផ្តុំនៅវេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុង Davos ប្រទេសស្វីស កាលពីខែមុនថា "លោកសង្ឃឹមថា ចិនអាចជួយអាមេរិក បញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រោះទីក្រុងប៉េកាំងមានអំណាចច្រើនលើស្ថានភាពនោះ ហើយរដ្ឋបាលអាមេរិក នឹងធ្វើការជាមួយភាគីចិន”។

លោក Trump បានបង្ហាញក្តីសង្ឃឹមនោះយ៉ាងខ្លាំង ខណៈលើកឡើងម្តងហើយម្តងទៀតថាលោកបានពិភាក្សាតាមទូរសព្ទជាមួយប្រធានរដ្ឋចិន លោក Xi ប៉ុន្មានថ្ងៃមុនពេលស្បថកាន់តំណែងរបស់ខ្លួននៅខែមុន ហើយលទ្ធភាពនៃកិច្ចចរចាសន្តិភាពនេះក៏ជាប្រធានបទមួយដែលអាចត្រូវលើកឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ ខណៈមន្ត្រីមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នាក្នុងទីក្រុង Munich សម្រាប់សន្និសីទសន្តិសុខប្រចាំឆ្នាំ។
លោក Trump ប្រហែលជាបានបង្កភាពស្មុគស្មាញដល់ផែនការសន្តិភាពនោះជាមួយលោក Xi ជុំវិញការដំឡើងពន្ធ ១០% លើការនាំចូលរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក កាលពីដើមខែនេះ ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែន អាចជាកិច្ចសហប្រតិបត្តិការដ៏កម្រមួយ ជាពិសេសនៅពេលក្រុងប៉េកាំង សម្លឹងរកការបញ្ចៀសជម្លោះពាណិជ្ជកម្មកាន់តែស៊ីជម្រៅ។

ប្រទេសចិន បានស្វះស្វែងជាយូរមកហើយក្នុងការធ្វើជាអ្នកសម្របសម្រួលសន្តិភាពដ៏មានសក្តានុពលនៅក្នុងជម្លោះដ៏តានតឹងនេះ ដោយបានលើកឡើងនូវសំណើមិនបង្ហាញលម្អិតរបស់ខ្លួនដើម្បីដោះស្រាយសង្គ្រាម។ ប៉ុន្តែនៅលោកខាងលិច កិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងរហូតមកដល់ពេលនេះ ត្រូវបានគ្របដណ្ដប់ដោយការពិតមួយទៀតគឺ ការគាំទ្ររបស់ចិន ចំពោះសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន៕