ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានសង្កត់ធ្ងន់កាលពីថ្ងៃពុធថា ទឹកដីប៉ាឡេស្ទីន មិនមែនសម្រាប់លក់ទេ។
លោក អាបាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ថា៖«ប្រជាជនប៉ាឡេស្ទីន ប្តេជ្ញាបន្តនៅលើដីរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា( Gaza) តំបន់វេសបែង(West Bank) និងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem)។

លោក បានកោតសរសើរចំពោះជំហររបស់ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត ដែលបដិសេធការប៉ុនប៉ងណាមួយ ដើម្បីបញ្ចូលទឹកដី ឬផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន គាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអំពាវនាវឲ្យបញ្ចប់សង្រ្គាមទាំងស្រុង។

លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ និងតួនាទី ដើម្បីអនុម័តចក្ខុវិស័យសន្តិភាពអារ៉ាប់ នៅឯកិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នស្តីពីបញ្ហាប៉ាឡេស្ទីន នៅទីក្រុងគែរ នាពេលខាងមុខ។
លោក អាបាស ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការ ក្នុងការផ្តល់ជំនួយជាបន្ទាន់ ដល់ប្រជាជននៅតំបន់ហ្កាហ្សា និងដើម្បីឲ្យរដ្ឋប៉ាឡេស្ទីនទទួលបន្ទុករបស់ខ្លួន នៅហ្កាហ្សា និងកសាងតំបន់ឡើងវិញ ដោយមានការគាំទ្រពីអន្តរជាតិ ខណៈដែលប្រជាជនប៉ាឡេស្ទីន នៅតែនៅលើទឹកដីរបស់ពួកគេ។
នាពេលមុននេះ លោក ដូណាល់ ត្រាំ បានស្នើថា សហរដ្ឋអាមេរិក គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា ហើយឲ្យ ប្រជាជនប៉ាឡេស្ទីនផ្លាស់ប្តូរទីតាំង ទៅកាន់ប្រទេសជិតខាង ហ្ស៊កដានី និង អេហ្ស៊ីប ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ។