អង្គការ UNICEF កាលពីថ្ងៃពុធ បានព្រមានថា អំពើហិង្សាលើកុមារ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅតំបន់វេសបែង(West Bank) ជាកន្លែងដែលអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការយោធាដ៏ធំ មួយ ខណៈដែលខ្លួនបានអំពាវនាវឲ្យបញ្ចប់អរិភាព។

ប្រធានប្រចាំតំបន់របស់អង្គការ UNICEF លោក Edouard Beigbeder បាននិយាយថា កុមារប៉ាឡេស្ទីន ១៣នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង ចាប់តាំងពីដើមឆ្នាំមក រួមទាំងមនុស្ស ៧នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការបើកប្រតិបត្តិការទ្រង់ទ្រាយធំដោយអ៊ីស្រាអែល នៅភាគខាងជើងនៃទឹកដីនេះ កាលពីថ្ងៃទី ១៩ ខែមករា។

យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ្នកស្លាប់បាត់បង់ជីវិត រួមមានកុមារអាយុ ២ឆ្នាំកន្លះ ដែលម្តាយមានផ្ទៃពោះ ក៏បានរងរបួស នៅក្នុងការបាញ់ប្រហារនេះដែរ។
លោក Beigbeder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« UNICEF ថ្កោលទោសរាល់អំពើ ហិង្សាលើកុមារ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រដាប់អាវុធ នៅទូទាំងតំបន់វេសបែង»។
«ជនស៊ីវិលទាំងអស់ រួមទាំងកុមារគ្រប់រូប គឺពុំមានករណីលើកលែងទេ ត្រូវតែត្រូវបានការពារ»។
លោកបានបន្ថែមថា ការកើនឡើងនៃការប្រើប្រាស់អាវុធជាតិផ្ទុះ ការវាយប្រហារតាមអាកាស និងការវាយកម្ទេច នៅទីក្រុង Jenin, Tulkarem និង Tubas រួមទាំងនៅក្នុងជំរំជនភៀសខ្លួន និងតំបន់ដែលមានប្រជាជនច្រើនផ្សេងទៀត បានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយរំខានដល់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី។