គ្រូបង្រៀននៅទូទាំងប្រទេសអាល់ហ្សេរី កាលពីថ្ងៃពុធ បានបន្តធ្វើកូដកម្ម ដើម្បីតវ៉ាអំពីប្រាក់បៀវត្សរ៍ទាប និងលក្ខខណ្ឌការងារកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីបាតុកម្មជាច្រើន ដែលធ្វើឡើងដោយកូនសិស្ស កាលពីខែមុន ដែលជាការតវ៉ាដើម្បីសម្តែងមតិខុសពីធម្មតាមួយ។

កូនសិស្សបានឈរនៅខាងក្រៅថ្នាក់រៀនដែលបិទទ្វារ ហើយដើរទៅនេះទៅនោះ ដោយគ្មានគោលដៅ កាលពីថ្ងៃអង្គារ នៅពេលដែលគ្រូៗ បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ពីរថ្ងៃ។

ចំណាត់ការរបស់គ្រូនិងសិស្សទាំងអស់ កើតឡើង នៅពេលដែលការរិះគន់ជាសាធារណៈលើរដ្ឋាភិបាលកាន់តែកម្រទៅៗ។ គ្រូបង្រៀន និយាយថា កូដកម្មនេះ មានសារសំខាន់ ចំពេលមានការថយចុះបន្តិចម្តងៗនៃសិទ្ធិ រួមទាំងសម្រាប់ស្ត្រី សារព័ត៌មាន និងគណបក្សប្រឆាំង។ លោក Hafidha Amiréche ដែលជា សជិកសហជីពកម្មករយូរមកហើយ បាននិយាយថា សិទ្ធិធ្វើកូដកម្ម គឺជា «សិទ្ធិដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ»។
ប្រទេសអាល់ហ្សេរី មានមោទនភាពជាយូរមកហើយ ចំពោះប្រព័ន្ធអប់រំឥតគិតថ្លៃរបស់ខ្លួន និងឱកាសដែលវាផ្តល់លទ្ធភាពដល់សិស្ស និងគ្រូបង្រៀន។ ទោះបីជាមានការបណ្តាក់ទុនច្រើនលើវិស័យអប់រំជាងប្រទេសជិតខាងក៏ដោយ ប្រទេសនេះ ចំណាយតែលើវិស័យយោធារបស់ខ្លួន កាន់តែច្រើន ប្រព័ន្ធសាលារៀន បានក្លាយជាគោលដៅនៃកំហឹងដ៏ពេញនិយម ចំពោះបញ្ហារបស់រដ្ឋាភិបាលធំៗ រួមទាំងការចំណាយកើនឡើង អំពើពុករលួយ និងកង្វះការងារសម្រាប់កម្មករដែលមានជំនាញ និងមានការអប់រំ ដូចជាគ្រូបង្រៀនជាដើម។ គ្រូបង្រៀន និយាយថា ពួកគេទទួលបានប្រាក់ខែតិច ហើយយុវជន ដែលមានការអប់រំកំពុងព្យាយាមធ្វើទេសន្តរប្រវេសន៍ពីប្រទេសកាន់តែខ្លាំងឡើង ដើម្បីស្វែងរកឱកាស ដោយពាក្យសុំទិដ្ឋាការ ទៅអឺរ៉ុប កំពុងកើនឡើងជាលំដាប់។