ប្រទេសកាតាបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូនប្រេងឥន្ធនៈបន្ថែម ១៥ លានលីត្រ ទៅកាន់តំបន់ហ្គាហ្កាស្ទ្រីប ដែលរងការវាយប្រហារដោយសង្រ្គាម ជាទីដែលបទឈប់បាញ់ដ៏ផុយស្រួយ បានបញ្ឈប់ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកាតា បានរាយការណ៍ថា ប្រទេសឈូងសមុទ្រតូចមួយដែលសម្បូរថាមពល នឹង «ផ្គត់ផ្គង់តំបន់ហ្កាហ្សាស្ទ្រីបនូវប្រេងឥន្ធនៈ ១៥លានលីត្រ ដែលនាំមកឲ្យការផ្តល់ប្រេង ឥន្ធនៈរបស់កាតាសរុបឡើងដល់ ៣០ លានលីត្រ»។

កិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលសម្របសម្រួលដោយអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីបចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ដោយផ្អាកការប្រយុទ្ធគ្នា ក្នុងសង្គ្រាមរយៈពេល ១៥ខែ ដែលបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីនស្ទើរតែទាំងស្រុង។
នៅពេលដែលស្នូរកាំភ្លើង បានស្ងប់ស្ងាត់ ជំនួយមនុស្សធម៌ បានចាប់ផ្តើមហូរចូល ទៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនជាងពីរលាននាក់រស់នៅ ដែលភាគច្រើននៃពួកគេ បានផ្លាស់ទីលំនៅ យ៉ាងហោចណាស់ម្តង ដោយសារសង្រ្គាម។

កាលពីថ្ងៃទី ២០ ខែមករា ប្រទេសកាតា បាននិយាយថា ខ្លួននឹងបញ្ជូនប្រេងឥន្ធនៈ ១, ២៥លានលីត្រ ក្នុងមួយថ្ងៃ ទៅកាន់តំបនហ្កាហ្សារយៈពេល ១០ថ្ងៃ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានប៉ាន់ប្រមាណ ក្នុងខែវិច្ឆិកាថា ខ្លួនត្រូវការប្រេងឥន្ធនៈប្រហែល ១៦០.000លីត្រ ក្នុងមួយថ្ងៃ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជាមូលដ្ឋានរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា។