ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក Ahmed Al-Sharaa បានសង្កត់ធ្ងន់លើ «ទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏រឹងមាំ» រវាងប្រទេសរបស់លោក និងរុស្ស៊ី ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ចាប់តាំងពីឡើងកាន់អំណាច។

ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុម Hayat Tahrir Al-Shamរបស់លោក Sharaa បានបណ្តេញ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ លោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងខែធ្នូ បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស ហើយសំណួរជាច្រើន នៅតែមានជុំវិញជោគវាសនានៃមូលដ្ឋានយោធាពីររបស់ រុស្ស៊ី នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោក Sharaa បានសង្កត់ធ្ងន់លើ «ទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំ រវាងប្រទេសទាំងពីរ និងការបើកចំហរបស់ស៊ីរីចំពោះគ្រប់ភាគី» នៅក្នុងវិធីមួយ ដែលបម្រើ «ផលប្រយោជន៍របស់ប្រជាជនស៊ីរី និងពង្រឹងស្ថិរភាព និងសន្តិសុខរបស់ប្រទេសស៊ីរី» ។
សេចក្តីថ្លែងការណ៍ ក៏បានបន្ថែមថា លោក ពូទីន បានធ្វើ«ការអញ្ជើញជាផ្លូវការមួយដល់រដ្ឋមន្ត្រីបរទេសស៊ីរីលោក Asaad Al-Shaibani ឲ្យទៅទស្សនកិច្ច នៅប្រទេសរុស្ស៊ី» ។
នៅក្នុងអំឡុងជំនួយតាមទូរស័ព្ទនោះ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានជូនពរលោក Sharaa «ឲ្យទទួលបានជោគជ័យ...ក្នុងការដោះស្រាយភារកិច្ច ដែលប្រឈមមុខនឹងការដឹកនាំរបស់ប្រទេសថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនស៊ីរី»។