តាមរយៈអាជ្ញាធរត្រួតពិនិត្យ និងប្រឆាំងអំពើពុករលួយ (Nazaha) របស់ខ្លួន អារ៉ាប៊ីសាអ៊ូឌីត បានចូលកាន់តំណែងជាផ្លូវការ ជាប្រធាននៃបណ្តាញប្រតិបត្តិការសកលនៃអាជ្ញាធរអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (GlobE Network)។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអេស្ប៉ាញ បានប្រគល់ឲ្យព្រះរាជាណាចក្រនេះ នូវភាពជាអ្នកដឹកនាំនៃបណ្តាញ ក្នុងអំឡុងពេលពិធីមួយ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងវីយែននៃប្រទេសអូទ្រីស។

លោក Nasser Aba Al-Khail អនុប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអាជ្ញាធរត្រួត ពិនិត្យ និងប្រឆាំងអំពើពុករលួយ (Nazaha) ត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការ ដោយមានលោក Boni de Moraes Soares មេធាវីជាតិរបស់ប្រទេសប្រេស៊ីលសម្រាប់កិច្ចការអន្តរជាតិ ជាអនុ ប្រធាន។
អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានជ្រើសរើសជាឯកច្ឆន្ទ ឲ្យធ្វើជាប្រធានគណៈកម្មាធិការដឹកនាំរបស់បណ្តាញ GlobE សម្រាប់អាណត្តិ ២០២៥-២០២៧ ក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់ កាលពីឆ្នាំមុន នៅទីក្រុងប៉េកាំង ប្រទេសចិន។
ការជ្រើសរើសឲ្យអារ៉ាប៊ីសាអ៊ូឌីត ដឹកនាំបណ្តាញអន្តរជាតិ បានគូសបញ្ជាក់ការទទួលស្គាល់របស់រដ្ឋ ជាសមាជិកអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រនេះ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ដោយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២១ បណ្តាញ GlobE រួមមានភ្នាក់ងារអនុវត្តច្បាប់ជាង ២២៩ មកពីប្រទេសចំនួន ១២៤ និងអង្គការអន្តរជាតិជាច្រើនទៀត។