ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO ប្រចាំកម្ពុជា បានអះអាងថា កម្ពុជាគឺជាប្រទេសជើងឯកមួយ ដែលបានថែរក្សាតុល្យភាព រវាងការគ្រប់គ្រងជំងឺកូវីដ-១៩ រហូតដល់បើកប្រទេសឡើងវិញ ប្រកបដោយចីរភាព ដោយការបើកនេះ ក៏នឹងទទួលបានជោគជ័យផងដែរ។
ក្នុងឱកាសប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២ម៉ឺន៤ពាន់ដូស បន្ថែមទៀត ដែលបានផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ដល់ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី លី អាយឡែន បានលើកឡើងថា ប្រទេសកម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការបើកដំណើរការប្រទេសឡើងវិញ ហើយការបើកនេះ ក៏អាចចាត់ទុកថាជាដំណាក់កាលមួយ ដែលកំពុងរៀនសូត្រផងដែរ។
យ៉ាងណាក៏ដោយលោកស្រី លី អាយទ្បែន ក៏បានលើកឡើងផងដែរថា ការចាប់ផ្ដើមបើកដំណើរ ការប្រទេសឡើងវិញនេះ គឺជាដំណាក់កាលថ្មីមួយសម្រាប់រៀនសូត្រ ហើយជោគជ័យ ឬបរាជ័យ ដែលនឹងសម្រេចបាន គឺអាស្រ័យទៅលើការចូលរួមរបស់បុគ្គលម្នាក់ៗ និងការចូលរួមរបស់វិស័យនីមួយៗជាដើម។
ទាក់ទងនឹងវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់នេះដែរ លោកស្រី លី អាឡែន បានបញ្ជាក់ម្តងទៀតថា អង្គការសុខាភាពពិភពលោក នឹងបន្តជួយប្រជាជនកម្ពុជា ដូចអ្វីដែលបានសន្យា។ រហូតមកដល់ បច្ចុប្បន្ននេះ វ៉ាក់សាំងតាមរយៈកូវ៉ាក់នេះ បានមកដល់ប្រទេសកម្ពុជា ចំនួនជាង៤០ភាគរយហើយ ហើយ នឹងមកដល់ជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយឲ្យគ្រប់គម្រោង ដែលមានចំនួនជាង ៦.៦លានដូស៕
អត្ថបទ៖ បាន ចក់