អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីនិយាយថា ការដោះដូរទឹកដីដែលចូលកាន់កាប់ដោយអ៊ុយក្រែន គឺមិនអាចធ្វើទៅរួចទេ។ លោក Dmitry Peskov បានឆ្លើយតបកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើគំនិតនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរបស់ចក្រភពអង់គ្លេស។

លោក Zelenskyy បានបញ្ជាក់ថា ប្រសិនបើកិច្ចចរចាបទឈប់បាញ់កើតមានឡើង អ៊ុយក្រែន ត្រៀមជាស្រេចដើម្បីដោះដូរផ្នែកខ្លះនៅភាគខាងលិចប្រទេសរុស្ស៊ីដែលខ្លួនបានគ្រប់គ្រង ជាការដោះដូរសម្រាប់ដែនដីកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន។ ប៉ុន្តែលោក Peskov បាននិយាយថា រុស្ស៊ី ពុំដែលពិភាក្សា ហើយក៏នឹងមិនពិភាក្សាអំពីការដោះដូររទឹកដីរបស់ខ្លួនដែរ។ លោកនិយាយបន្ថែមថា ទាហានអ៊ុយក្រែននឹងត្រូវកម្ទេច ឬវាយរុញច្រានចេញពីទឹកដីរបស់រុស្ស៊ី។

ការស្ទង់មតិមួយរបស់អង្គការស្រាវជ្រាវឯករាជ្យនៅក្នុងប្រទេសរុស្ស៊ី បង្ហាញថាមនុស្សកាន់តែច្រើនពេលនេះគិតថា អ្នកសម្របសម្រួលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រទេសទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
លទ្ធផលស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌល Levada-Center បានបង្ហាញថា ៦៧ភាគរយនៃអ្នកឆ្លើយតប គឺពេញចិត្តចំពោះវត្តមានរបស់អ្នកសម្របសម្រួល។ នោះគឺកើនឡើង២៣ ភាគរយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលក៏និយាយផងដែរថា ២៣ភាគរយ បានដាក់ប្រទេសចិនជាអ្នកសម្របសម្រួល ដែលអាចធ្វើទៅបាន បន្ទាប់មកសហរដ្ឋអាមេរិកមាន២០ភាគរយ និងប្រទេសទួរគីមាន៨ភាគរយ។ មជ្ឈមណ្ឌល Levada ត្រូវបានចាត់តាំងជា «ភ្នាក់ងារបរទេស» ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Vladimir Putin។ មជ្ឈមណ្ឌលនេះ បន្តធ្វើការស្រាវជ្រាវនិងការវិភាគដោយឯករាជ្យ ទោះបីជាមានសម្ពាធពីអាជ្ញាធររុស្ស៊ី ក៏ដោយ។