អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានប្រកាស កាលពីថ្ងៃពុធថា ខ្លួនកំពុងរក្សាការព្យាករណ៍កាលពីពេលមុនសម្រាប់កំណើនតម្រូវការប្រេងសកលក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែកុម្ភៈរបស់ខ្លួន អង្គការ OPEC ព្យាករណ៍ពីការកើនឡើង «ល្អប្រសើរ» ក្នុងតម្រូវការប្រេងសកល ដោយប៉ាន់ប្រមាណកំណើន១,៤៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៥នេះ ក្រោយមកមានចំនួន១,៤៣លានបារ៉ែលក្នុងឆ្នាំ២០២៦ ជាតួលេខមិនផ្លាស់ប្តូរ ពីការវាយតម្លៃ កាលពីខែមុន។

អង្គការ OPEC បាននិយាយថា «កំណើននៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានជំរុញដោយឥន្ធនៈដឹកជញ្ជូនដោយផ្អែកលើតម្រូវការធ្វើដំណើរតាមផ្លូវអាកាសដ៏រឹងមាំ និងការធ្វើដំណើរដ៏ល្អប្រសើរនៅតាមផ្លូវគោក។
ការគាំទ្រ ក៏ត្រូវបានគេរំពឹងថានឹងបានមកពីវិស័យឧស្សាហកម្ម សំណង់ និងកសិកម្មនៅក្នុងបណ្តាប្រទេសមិនមែនអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ។
អង្គការ ក៏បានទុកការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ថាមិនផ្លាស់ប្តូរ ដោយព្យាករណ៍ថានឹងកើនឡើង ៣,១ភាគរយនៅឆ្នាំនេះ និង៣,២ ភាគរយនៅឆ្នាំក្រោយ។