ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែននឹងត្រូវការសហរដ្ឋអាមេរិក ដើម្បីជួយកសាងកងទ័ពទីក្រុងគីវ ឱ្យមានទំហំធំដូចរុស្ស៊ី ដើម្បីបម្រើជា "ផែនការ B" ប្រសិនបើប្រទេសរបស់លោកមិនត្រូវបានដាក់បញ្ចូលទៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាសម្ព័ន្ធយោធាណាតូទេនោះ។
ទីក្រុងគីវ ដែលជាប់គាំងនៅក្នុងសង្គ្រាមជាមួយកងកម្លាំងរុស្ស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក បាននិយាយថា ការចូលរួមណាតូ នឹងជាមធ្យោបាយដ៏រឹងមាំ និងតម្លៃថោកបំផុតក្នុងការទប់ស្កាត់រុស្ស៊ី មិនឱ្យចាប់ផ្តើមប្រតិបត្តិការយោធាថ្មីទៀតនាពេលអនាគត បន្ទាប់ពីមានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពត្រូវបានឈានដល់។

លោក Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយកាលពីថ្ងៃពុធ (១២ កុម្ភៈ) ថា "ប្រសិនបើអ៊ុយក្រែន មិនស្ថិតនៅក្នុងអង្គការណាតូទេ នោះមានន័យថា អ៊ុយក្រែននឹងសាងសង់ណាតូនៅលើទឹកដីរបស់ខ្លួន ពោលគឺកម្លាំងទ័ពត្រូវតែធំស្មើរុស្ស៊ី ហើយទីក្រុងគីវ និងស្នើឱ្យអាមេរិកជួយ"។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងចំណោមសមាជិកណាតូមួយចំនួនដែលប្រឆាំងមិនឱ្យអ៊ុយក្រែន ចូលជាសមាជិកណាតូនាពេលបច្ចុប្បន្ន។ ប្រមុខការពារជាតិអាមេរិក លោក Pete Hegseth បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមើលមិនឃើញសមាជិកភាពរបស់ទីក្រុងគីវក្នុងសម្ព័ន្ធយោធាជាផ្នែកនៃផែនការសន្តិភាពរបស់ខ្លួនសម្រាប់អ៊ុយក្រែនទេ៕

