កាសែត Wall Street Journal បានរាយការណ៍ដោយសម្អាងដល់ប្រភពដែលដឹងពីបញ្ហានេះថា ប្រទេសចិន បានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន។
ក្រុមមន្ត្រីចិន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានលើកឡើងនូវសំណើមួយជាមួយក្រុមរបស់លោក Trump តាមរយៈអន្តរការី ក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ និងដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព បន្ទាប់ពីអាចមានបទឈប់បាញ់ចុងក្រោយមួយ នេះបើយោងតាមប្រភពនៅទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។

លោក Trump បាននិយាយថា លោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាពក្នុងការហៅទូរសព្ទដាច់ដោយឡែកជាមួយលោកកាលពីថ្ងៃពុធ ហើយលោក Trump បានបញ្ជាឱ្យមន្ត្រីអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាបញ្ចប់សង្រ្គាមអ៊ុយក្រែន។
ពុំមានកិច្ចចរចាសន្តិភាពអ៊ុយក្រែនណាមួយត្រូវបានធ្វើឡើងទេ ចាប់តាំងពីដើមខែនៃជម្លោះ ដែលមកដល់ពេលនេះជិតដល់ខួបលើកទី៣ ហើយ។ លោកខាងលិច បានជំរុញចិនម្តងហើយម្តងទៀតឱ្យប្រើទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីជួយបញ្ចប់សង្គ្រាម។ រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា ខ្លួនមិនមែនជាភាគីនៃវិបត្តិនោះទេ ប៉ុន្តែថាខ្លួនបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាលើកិច្ចចរចាសន្តិភាពតាមលក្ខខណ្ឌរបស់ខ្លួន៕

