មហាអំណាចអឺរ៉ុប រួមទាំងអង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធ (១២ កុម្ភៈ) សប្ដាហ៍នេះថា ពួកគេត្រូវតែជាផ្នែកមួយនៃការចរចានាពេលអនាគតណាមួយស្តីពីជោគវាសនារបស់អ៊ុយក្រែន ដោយគូសបញ្ជាក់ថា មានតែកិច្ចព្រមព្រៀងដោយយុត្តិធម៌ជាមួយនឹងការធានាសន្តិសុខប៉ុណ្ណោះ ដែលនឹងធានាបាននូវសន្តិភាពយូរអង្វែង។
សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសចំនួនប្រាំពីរ និងគណៈកម្មាការអឺរ៉ុបបាននិយាយថា "គោលបំណងរួមរបស់អឺរ៉ុប គឺគួរតែដាក់ឱ្យអ៊ុយក្រែន ស្ថិតក្នុងទីតាំងរឹងមាំ ហើយអ៊ុយក្រែន និងអឺរ៉ុប ត្រូវតែមានកៅអីនៅក្នុងតុចរចាណាមួយ"។

ជាមួយគ្នានេះ រដ្ឋមន្ត្រីមកពីប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី អេស្ប៉ាញ និងគណៈកម្មការអឺរ៉ុប បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅទីក្រុងប៉ារីស កាលពីថ្ងៃពុធ។
កិច្ចប្រជុំ ដែលគ្រោងធ្វើឡើងជាយូរមកហើយក្នុងគោលបំណងគូសបញ្ជាក់យុទ្ធសាស្ត្រការពារជាតិរបស់ប្លុកនេះ បានពិភាក្សាពីមធ្យោបាយពង្រឹងអ៊ុយក្រែន ការរៀបចំផែនការសម្រាប់កិច្ចចរចាសន្តិភាពនាពេលអនាគត និងមធ្យោបាយចូលទៅជិតកិច្ចពិភាក្សាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក នៅពេលមេដឹកនាំជួបប្រជុំគ្នាក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ចុងសប្តាហ៍នេះ។
ប៉ុន្តែរបៀបវារៈទាំងនោះត្រូវបានបង្អាក់ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ថ្លែងសេចក្តីថ្លែងការណ៍ជាសាធារណៈត្រង់ៗបំផុតពីបំណងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អំពីវិធីសាស្រ្តរបស់ខ្លួនចំពោះសង្រ្គាមជិត ៣ឆ្នាំរវាងអ៊ុយក្រែន និងរុស្ស៊ី ជុំវិញបញ្ហាព្រំដែន និងសមាជិកភាពណាតូ៕

