អាមេរិក៖ សហរដ្ឋអាមេរិកបានថ្កោលទោសដាច់អហង្ការ ចំពោះការសាកល្បងមីស៊ីលប្រឆាំងផ្កាយរណបរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលបានបង្ខំឱ្យសមាជិកអវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ ចូលទៅក្នុងយានអវកាសរបស់ពួកគេដើម្បីសុវត្ថិភាព ដោយបានហៅការបាញ់នោះថាជា "ទង្វើដែលមិនមានការប្រុងប្រយ័ត្ន និងគ្រោះថ្នាក់" ហើយនិយាយថា ខ្លួននឹង "មិនអត់ឱន" ឡើយចំពោះអាកប្បកិរិយាដែលបង្កឲ្យមានហានិភ័យដល់ផលប្រយោជន៍អន្តរជាតិ។

បញ្ជាការដ្ឋានអវកាសអាមេរិកបាននិយាយថា រុស្ស៊ីបានសាកល្បងមីស៊ីលប្រឆាំងផ្កាយរណប ឬមីស៊ីល DA-ASAT ដោយបានវាយប្រហារផ្កាយរណបរុស្ស៊ី និងបង្កើតបានជាបំណែកតូចៗនៅក្នុងគន្លងទាបលើភពផែនដី ដែលកម្ទេចកំទីជាង ១,៥០០បំណែកនៃគន្លងដែលអាចតាមដានបាន ដែលទំនងជាអាចបង្កើតបានជាបំណែករាប់ម៉ឺននៃកម្ទេចកំទីតូចៗនៃគន្លងវិថី។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើគ្រោះថ្នាក់រយៈពេលវែង និងការធ្លាក់សក្ដានុពលសេដ្ឋកិច្ចសកលពីការសាកល្បងរបស់រុស្ស៊ី ដែលបានបង្កើតគ្រោះថ្នាក់សម្រាប់ផ្កាយរណបដែលផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវសេវាទូរស័ព្ទ និងអ៊ីនធឺណិត ការព្យាករណ៍អាកាសធាតុ ប្រព័ន្ធ GPS ដែលគាំទ្រទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុ រួមទាំងម៉ាស៊ីនធនាគារ ក៏ដូចជាការកម្សាន្តក្នុងយន្តហោះ និងវិទ្យុ និងទូរទស្សន៍ផ្កាយរណប។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកបានលើកឡើងពីក្ដីបារម្ភដដែលអំពីប្រទេសរុស្ស៊ី ចំពោះការបាញ់សាកល្បងផ្កាយរណបនេះ។ កាលពីព្រឹកថ្ងៃចន្ទ អវកាសយានិកអាមេរិក ៤នាក់, អាល្លឺម៉ង់ម្នាក់ និងរុស្ស៊ី ២នាក់នៅលើយានអវកាសបានបង្ខំចិត្តគេចខ្លួន ស្វែងរកទីសុវត្ថិភាពនៅក្នុងអវកាសយានិករបស់ពួកគេ ដោយសារតែបំណែកខ្ទាតចេញពីមីស៊ីលប្រឆាំងផ្កាយរណប៕
អត្ថបទ៖ សុខមាន