ប្រធានាធិបតីលីបង់លោក Joseph Aoun កាលពីថ្ងៃពុធ បានអំពាវនាវដល់រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក Paulo Rangel ឲ្យធានាថា បណ្តាប្រទេសសហភាពអឺរ៉ុប ដាក់សម្ពាធអ៊ីស្រាអែល ឲ្យបញ្ចប់ការដកកងទ័ព ចេញពីតំបន់ព្រំដែនភាគខាងត្បូង ក្នុងពេលកំណត់ នៅថ្ងៃទី ១៨ នៃខែនេះ»។
លោក Aoun បាននិយាយថា៖«ប្រទេសលីបង់គាំទ្រគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ និងបដិសេធរាល់សំណើ ដែលនឹងនាំទៅដល់ទម្រង់ណាមួយនៃការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ពួកគេ ដូចដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ»។
រយៈពេល ៦ថ្ងៃ មុនពេលការដកចេញទាំងស្រុងនៃកងកម្លាំងអ៊ីស្រាអែល ដែលបានរុលចូលទៅដល់ភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការពន្យារពេលរយៈពេល ២៤ថ្ងៃ នៃថ្ងៃផុតកំណត់នៃការដកកងទ័ពចេញនេះ ដោយមានការយល់ព្រមពីសហរដ្ឋអាមេរិក គណៈកម្មាធិការត្រួតពិនិត្យការតាមដានបទឈប់បាញ់ និងការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ ត្រូវបានជូនដំណឹងថា កងទ័ពអ៊ីស្រាអែល កំពុងស្នើសុំឲ្យបន្ត នៅតំបន់ព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែ ប្រទេសលីបង់ បានជូនដំណឹងដល់គណៈ កម្មាធិការនេះ អំពីការបដិសេធយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះសំណើនេះ។
លោកស្រី Morgan Ortagus ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថានឹងត្រឡប់ទៅទីក្រុងបេរូត ក្នុងដំណើរទស្សនកិច្ចជាលើកទី២ ដែលជាផ្នែកនៃបេសកកម្មបច្ចុប្បន្នរបស់លោកស្រី ដើម្បីតាមដានការដកទ័ពរបស់អ៊ីស្រាអែល ចេញពីប្រទេសលីបង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ នៅសេតវិមាន បានស្នើឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពន្យារពេលការដកកងទ័ពអ៊ីស្រាអែល ចេញពីប្រទេសលីបង់ រយៈពេលពីរបីសប្តាហ៍ទៀត។