តម្លៃទំនិញប្រើប្រាស់ និងអតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើង ០,៥% ដែលច្រើនបំផុតក្នុងរយៈពេលជិត ១ឆ្នាំកន្លះនៅក្នុងខែមករា ដោយជនជាតិអាមេរិកប្រឈមមុខនឹងការចំណាយខ្ពស់សម្រាប់ទំនិញ និងសេវាកម្មជាច្រើនប្រភេទ ខណៈធនាគារកណ្ដាលអាមេរិក ថាខ្លួនមិនប្រញាប់ប្រញាល់ក្នុងការបន្តការកាត់បន្ថយអត្រាការប្រាក់ទេ ស្របពេលកំណើននៃភាពមិនច្បាស់លាស់លើសេដ្ឋកិច្ច។
អតិផរណាដ៏ក្តៅគគុក និងឡើងក្នុងល្បឿនដ៏លឿនជាងការរំពឹងទុកនេះ ត្រូវបានរាយការណ៍ដោយក្រសួងការងារកាលពីថ្ងៃពុធ (១២ កុម្ភៈ) ហើយទំនងជាមួយផ្នែកដោយសារតែអាជីវកម្មនានាដំឡើងថ្លៃទំនិញនៅដើមឆ្នាំ ដោយជាក់ស្តែងបំផុតគឺនៅក្នុងការកើនឡើងនៃតម្លៃថ្នាំតាមវេជ្ជបញ្ជា និងកំណើនតម្លៃធានារ៉ាប់រងយានយន្ត។

បាយការណ៍នេះ កើតឡើងបន្ទាប់ពីគំរូនៃតម្លៃទំនិញប្រើប្រាស់ដែលលើសការរំពឹងទុកជារៀងរាល់ខែមករា ដោយអ្នកសេដ្ឋកិច្ចមួយចំនួនគិតថា អាចមកពីការជំរុញរបស់លោកប្រធានាធិបតី Donald Trump ចំពោះការយកពន្ធបន្ថែមលើទំនិញនាំចូល ខណៈសេដ្ឋវិទូព្រមានជាយូរមកហើយថា វិធានការនោះអាចបង្កើនអតិផរណា។
លោក Trump ជាប់ឆ្នោតដោយសារការសន្យាបន្ទាបតម្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់ដែលរងគ្រោះដោយអតិផរណា។ អតិផរណាខ្ពស់អាចបង្អាក់របៀបវារៈរបស់រដ្ឋបាលលោក Trump រួមទាំងការកាត់បន្ថយពន្ធ ហើយការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារយ៉ាងច្រើន ត្រូវបានគេមើលឃើញថាអាចធ្វើឱ្យមានកង្វះខាតកម្លាំងពលកម្ម និងបង្កើនការចំណាយ ដូចជាប្រាក់ឈ្នួលសម្រាប់អាជីវកម្មជាដើម៕

