ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះគោលនយោបាយមិនច្បាស់លាស់របស់ខ្លួន ចំពោះទីក្រុងតេអេរ៉ង់។
លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងខេត្ត Bushehr ភាគខាងត្បូង ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យមានការចរចាជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលដំណាលគ្នាបង្កើនសម្ពាធ លើប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។
លោក Pezeshkian បាននិយាយថា៖«ប្រសិនបើពួកគេពិតជាស្វែងរកការចរចា ហេតុអ្វីបានជាពួកគេមិនបញ្ឈប់គោលនយោបាយអរិភាពរបស់ពួកគេ។ លក្ខណៈនៃគោលនយោបាយទ្វេបែបនេះ ត្រូវបានបង្ហាញឲ្យប្រជាជាតិអ៊ីរ៉ង់ឃើញ ហើយពួកគេមិនអាចបញ្ឈប់យើងពីការបន្តដំណើររបស់យើងជាមួយនឹងការក្លែងបន្លំបែបនេះទៀតទេ។
លោកបានចោទប្រកាន់បណ្តារដ្ឋលោកខាងលិចថា កំពុងស្វែងរកការធ្វើម្តងទៀត នៅអ៊ីរ៉ង់នូវអ្វីដែលពួកគេបានធ្វើនៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ នឹងមិនបានរងសម្ពាធបែបនេះឡើយ។
លោក Pezeshkian បានសង្កត់ធ្ងន់ថា៖«ទោះបីជាសត្រូវទាំងអស់ ស្វែងរកធ្វើឲ្យប្រទេសអ៊ីរ៉ង់ឯកោ នៅក្នុងតំបន់ក៏ដោយ ក៏យើងនៅមាទំនាក់ទំនងជាបងប្អូនជាមួយប្រទេសជិតខាងរបស់យើងទាំងអស់ ហើយនឹងធ្វើឲ្យពួកវា ល្អប្រសើរឡើង»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីសប្តាហ៍មុន ដើម្បី ស្តារឡើងវិញនូវយុទ្ធនាការដែលគេហៅថា «សម្ពាធអតិបរមា» លើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងប្រទេសនេះ ពីអ្វីដែលលោកបានអះអាងថា«ការទទួលបានអាវុធនុយក្លេអ៊ែរ» ។