ដោយដកស្រង់របាយការណ៍ចារកម្មជាច្រើន សារព័ត៌មាន Washington Post (Post) កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ព្រមានថា អ៊ីស្រាអែលអាចនឹងចាប់ផ្តើមវាយប្រហារជាមុនលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រឹមពាក់កណ្តាលឆ្នាំ។
ដោយយោងតាមរបាយការណ៍ចារកម្មជាច្រើន នៅចុងបញ្ចប់នៃរដ្ឋបាលរបស់លោក Joe Biden និងការចាប់ផ្តើមនៃរដ្ឋបាលរបស់លោក Donald Trump សារព័ត៌មាននេះ បានរាយការណ៍ថា ការវាយប្រហារបែបនេះ នឹងជួយពន្យារពេលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាច្រើនសប្តាហ៍ ឬច្រើនខែ ខណៈដែលធ្វើឲ្យភាពតានតឹងក្នុងតំបន់ កាន់តែឡើងកម្ដៅ និងប្រឈមជាមួយការរីករាលដាលជម្លោះ។

សារព័ត៌មាន Reuters មិនអាចបញ្ជាក់អះអាងពីរបាយការណ៍នេះបានភ្លាមៗនោះទេ។ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។ សារព័ត៌មាន Post បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់អាមេរិក) ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ និងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Brian Hughes បានប្រាប់សារព័ត៌មាន Post ថា លោកប្រធានាធិបតី Donald Trump «នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ»។
សារព័ត៌មាន Post បានឲ្យដឹងបន្ថែមថា របាយការណ៍ចារកម្មដ៏ទូលំទូលាយបំផុតនេះ បានលេចឡើងនៅដើមខែមករា ហើយត្រូវបានផលិតឡើងដោយអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃអគ្គសេនាធិការចម្រុះ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ។ របាយការណ៍នេះបានព្រមានថា អ៊ីស្រាអែលទំនងជាប៉ុនប៉ងវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordow និង Natanz របស់អ៊ីរ៉ង់៕


