អ្នកនាំពាក្យការិយាល័យគ្រប់គ្រងបុគ្គលិករបស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បានឲ្យដឹងថា បុគ្គលិកសហព័ន្ធប្រហែល ៧៥.០០០នាក់ បានទទួលយកកម្មវិធីទិញយក ពោលគឺកម្មវិធីផ្ដល់សំណងពេលយល់ព្រមលាឈប់ពីតួនាទីរបស់រដ្ឋបាលប្រធានាធិបតី លោក Donald Trump។
កម្មវិធីទិញយក គឺជាវិធីសាស្រ្តមួយ ក្នុងចំណោមវិធីសាស្រ្តជាច្រើនដែលលោក Trump កំពុងអនុវត្ត ដើម្បីកាត់បន្ថយកម្លាំងពលកម្មស៊ីវិលចំនួន ២,៣លាននាក់ ដែលលោកបានរិះគន់ថា គ្មានប្រសិទ្ធភាព និងលម្អៀងប្រឆាំងនឹងរូបលោក។
ជាមួយគ្នានេះ លោកក៏បានបញ្ជាឲ្យភ្នាក់ងាររដ្ឋាភិបាលរៀបចំត្រៀម សម្រាប់ការកាត់បន្ថយការងារយ៉ាងទូលំទូលាយ ខណៈមួយចំនួនបានចាប់ផ្តើមរួចហើយ ក្នុងការបញ្ឈប់បុគ្គលិកថ្មីៗ ដែលខ្វះសុវត្ថិភាពការងារពេញលេញ។
ប្រភពបាននិយាយថា មន្ត្រីត្រូវបានប្រាប់ឲ្យរៀបចំការកាត់បន្ថយបុគ្គលិករហូតដល់ ៧០ភាករយ នៅភ្នាក់ងារមួយចំនួន។ សហជីពបានជំរុញសមាជិករបស់ខ្លួនកុំឲ្យទទួលយកកម្មវិធីនេះ ហើយបានព្រមានថា លោក Trump មិនអាចទុកចិត្តបាននោះឡើយ ក្នុងការគោរពតាមគោលការណ៍នេះ។
គួរបញ្ជាក់ថា ការផ្តល់ជូននេះ សន្យានឹងបើកប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ជាប្រចាំដល់និយោជិតរហូតដល់ខែតុលា ដោយមិនតម្រូវឲ្យពួកគេធ្វើការនោះឡើយ ប៉ុន្តែវាប្រហែលមិនមែនជាការបង្ខិតបង្ខំទេ ពោលគឺត្រូវកើតឡើងដោយស្ម័គ្រចិត្ត។ ច្បាប់ចំណាយបច្ចុប្បន្ន ផុតកំណត់នៅថ្ងៃទី១៤ ខែមីនា ហើយមិនមានការធានាថា ប្រាក់ខែនឹងត្រូវបានផ្តល់មូលនិធិលើសពីនោះឡើយ៕