រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នរបស់ស៊ីរី លោក Asaad Al-Shaibani បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលស៊ីរីថ្មី នឹងត្រូវបានបង្កើតឡើង នៅក្នុងខែមីនា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA។
សារព័ត៌មាន SANA បានរាយការណ៍ថា លោក Al-Shaibani បានប្រាប់អ្នកសារព័ត៌មានកូវ៉ែតលោក Ammar Taqi ពីកាសែត Al-Qabas នៅក្រៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមថា រដ្ឋាភិបាលថ្មី នឹងតំណាងឲ្យប្រជាជនស៊ីរីគ្រប់មជ្ឈដ្ឋាន»។
លោកបាននិយាយថា៖«ប្រជាជនស៊ីរីទាំងអស់ បានដើរតួនាទីក្នុងការផ្លាស់ប្តូរនេះ។ យើងយល់ពីការព្រួយបារម្ភ ដែលកើតមានជាមួយ នឹងការផ្លាស់ប្តូរណាមួយ ហើយយើងកំពុងធ្វើការ ដើម្បីបណ្តុះទំនុកចិត្ត ក្នុងចំណោមប្រជាជនរបស់យើង» ដោយបន្ថែមថា រដ្ឋធម្មនុញ្ញថ្មី នឹងបម្រើជាគោលការណ៍ណែនាំសម្រាប់ប្រជាពលរដ្ឋទាំងអស់។
លោក Al-Shaibani បានជំរុញសហគមន៍អន្តរជាតិ ឲ្យគាំទ្រដល់ការដឹកនាំថ្មីរបស់ប្រទេសស៊ីរី ដោយការតស៊ូមតិ ដើម្បីដកទណ្ឌកម្មលោកខាងលិច។ «អ្នកជំនាញសេដ្ឋកិច្ចគ្រប់រូបយល់ពីវិបត្តិ ដែលយើងកំពុងប្រឈមនេះ»។