រដ្ឋមន្ត្រីការបរទេសស៊ីរី នឹងចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកុម្ភៈ) ខណៈដែលប្រទេសមហាអំណាច ក្នុងតំបន់ និងលោកខាងលិច ប្រឹងប្រែងជួយការពារប្រទេសនេះ អំឡុងពេលអន្តរកាលដ៏ផុយស្រួយ ចំពេលអស្ថិរភាពកំពុងបន្តមាននៅទូទាំងតំបន់។
លោក Asaad Hassan al-Shibani កំពុងដឹកនាំគណៈប្រតិភូ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហភាពអឺរ៉ុប (EU) ចាប់តាំងពីការដួលរំលំរបស់របបលោក Bashar al-Assad និងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ដែលរងទណ្ឌកម្មពីអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសបារាំង។
មន្ត្រីបារាំងម្នាក់ បានប្រាប់ថា៖ «កិច្ចប្រជុំនៅទីក្រុងប៉ារីសនេះ គឺជួយការពារជាយុទ្ធសាស្ត្ររយៈពេលខ្លី ជុំវិញវិបត្តិស៊ីរី ដើម្បីផ្តល់ពេលវេលាឲ្យប្រទេសនេះដោះស្រាយដោយការរារាំងក្រុមចាញ់សង្គ្រាម កុំឲ្យបង្កអស្ថិរភាពដល់ប្រទេស»។
ចំណែកក្រសួងការបរទេសបារាំង បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលដល់កិច្ចប្រឹងប្រែង ដើម្បីនាំមកនូវរដ្ឋាភិបាលអន្តរកាលមួយដ៏សន្តិភាព ដែលធានាដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ប្រមូលផ្ដុំប្រទេសជិតខាង និងដៃគូសំខាន់ៗរបស់ស៊ីរី ដើម្បីសម្របសម្រួលជំនួយ និងការគាំទ្រផ្នែកសេដ្ឋកិច្ច។ ភាពយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនិទណ្ឌភាព អំឡុងសម័យអន្តរកាលនេះ ក៏នឹងត្រូវបានពិភាក្សាផងដែរ៕