ភ្នំពេញ ៖ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នឹងនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ការនាំចេញ និងស្រូបយកកម្លាំងពលកម្មក្នុងស្រុក ជាពិសេសជាចលករជំរុញកំណើននៃសេដ្ឋកិច្ចជាតិ។
នេះជាការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំចង្អៀត តាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និង ពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានគូសរំលេចបញ្ជាក់ថា វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។
វិធានការណ៍នេះបានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុកដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើនការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។
មួយវិញទៀតដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល នឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈមជារចនាសម្ព័ន្ធ ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី ២០២១-២០២៣ និងជំរុញការ ស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
ឯកឧត្តម វេង សាខុន លើកឡើងថា នៅក្នុងពេលមានវិបត្តិកូវីដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងចំណូល។
ឯកឧត្តម វេង សាខុន បញ្ជាក់ថា ជាការវាយតម្លៃរួម វិស័យកសិកម្មនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និងការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ វណ្ណៈ


