រថពាសដែកអ៊ីស្រាអែល ត្រូវបានគេមើលឃើញនៅជិតព្រំដែនតំបន់ហ្កាហ្សាស្រ្ទីប ស្របពេលដែលក្តីបារម្ភកើនឡើងចំពោះការបរាជ័យបទឈប់បាញ់រយៈពេលជិត ១ខែ ។
អ៊ីស្រាអែល បានកោះហៅទាហានបម្រុងឲ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការចាប់ផ្តើមសង្រ្គាមឡើងវិញនៅក្នុងតំបន់ហ្កាហ្សា បើសិនជាក្រុមហាម៉ាស់ មិនឈានដល់ឱសានវាទនៅថ្ងៃសៅរ៍ ដើម្បីដោះលែងចំណាប់ថ្នូរបន្ថែមទៀតទេនោះ ។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី ១៩ ខែមករារហូតមក ក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ថ្នូរ ៣នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍ខាងមុខនេះ ។
ប៉ុន្តែក្រុមជីវពលប៉ាឡេស្ទីន បាននិយាយក្នុងសប្តាហ៍នេះថា ពួកគេសូមផ្អាកការប្រគល់ចំណាប់ថ្នូរ ជុំវិញអ្វីដែលពួកគេនិយាយថា អ៊ីស្រាអែលបានបំពានលក្ខ័ន្តិកៈក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើការព្រមានកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាឡើងវិញ បើសិនជាក្រុមហាម៉ាស់ ពុំឈានដល់ឱសានវាទទេនោះ ប៉ុន្តែលោកពុំបាននិយាយថាតើចំនួនចំណាប់ថ្នូរប៉ុន្មាននាក់ នឹងត្រូវដោះលែងក៏ដោយ ៕