នាង Agnès Mushengezi ដែលជាអ្នកឆ្នៃម៉ូតសក់ជម្លៀសខ្លួនម្នាក់ បានរកឃើញវិធីសាស្រ្តរស់រាន និងធ្វើឲ្យជីវិតរបស់នាងវិលត្រឡប់មករកសភាពធម្មតាវិញ ក្រោយរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងទីក្រុងកំណើត Kalehe ស្ថិតនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
នាង Mushengezi វ័យ ២១ឆ្នាំ ដែលបានធ្វើដំណើរមកដល់ទីក្រុង Bukavu កាលពីសប្តាហ៍មុន បានប្រែក្លាយជំនាញរបស់នាងទៅជាខ្សែជីវិត ដោយក្រងសក់សម្រាប់ស្រ្តី នៅក្នុងជម្រកបណ្តោះអាសន្នរបស់នាង ដើម្បីរកប្រាក់ល្មមគ្រប់គ្រាន់សម្រាប់ចំណីអាហារ កាតទូរស័ព្ទ និងសម្ភារៈចាំបាច់ផ្សេងទៀត ។
នាង Mushengezi និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នាងមិនអាចទ្រាំទ្រនឹងអ្វីកំពុងកើតឡើងនៅទីនោះបានឡើយ ។ មាននូវគ្រាប់បែកច្រើនណាស់ មាននូវអាវុធធុនធ្ងន់ច្រើនណាស់ ។ នាងគ្មានកម្លាំង ឬសមត្ថភាពស៊ូទ្រាំជាមួយវាបានឡើយ ។
សង្រ្គាមរវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា នៅភាគខាងកើតប្រទេសកុងហ្គោ បានសម្លាប់មនុស្សរាប់ពាន់នាក់ ចាប់តាំងពីដើមឆ្នាំ ២០២២រហូតមក ហើយនិងជម្លៀសខ្លួនមនុស្សជាង ១លាននាក់ ។
ទីក្រុង Bukavu ដែលបានក្លាយជាកន្លែងស្នាក់អាស្រ័យដល់មនុស្សជម្លៀសខ្លួនចេញពីសង្រ្គាមកំពុងបន្ត បានផ្តល់រស្មីនៃក្តីសង្ឃឹមដល់ពលរដ្ឋដូចជានាង Mushengezi ។
នៅក្នុងបរិវេនមុខផ្ទះបណ្តោះអាសន្នរបស់នាង បានក្លាយកន្លែងធ្វើសក់ដ៏មមាញឹកមួយ ពេលដែលស្រ្តីជាច្រើននាគ្នាអង្គុយដោយអំណត់ រង់ចាំឲ្យនាង Mushengezi ធ្វើសក់ ។
នាង Mushengezi និយាយថា នាងអាចរស់រានបានដោយសារស្រ្តីទាំងអស់នេះ ។ នាងថា បើទោះបីជាភ្ញៀវរបស់នាងចិត្តល្អយ៉ាងណាក្តី តែជីវិតនៅតែលំបាកដដែល ។ ជម្រកផ្តល់ជាស្បៀងអាហារ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ដើម្បីឈានដល់តម្រូវការរបស់នាង ហើយនាងនៅតែគិតដល់អ្នកដែលជាប់ខ្លួននៅក្នុងជម្លោះ ។
នាងបន្តទៀតថា នាងបានស្នើសុំក្រុមអាជ្ញាធរ និងអ្នកដែលទទួលខុសត្រូវ ធ្វើរឿងគ្រប់បែបយ៉ាងទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងដែនដីរបស់ពួកយើង ។ នោះហើយគឺជាហេតុផលដែលពួកយើងចង់ឲ្យសង្រ្គាមបញ្ឈប់ សង្រ្គាមបញ្ចប់ ៕