ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ភ្នាក់ងារទេសចរណ៍លោកខាងលិច បានចូលទៅកាន់កូរ៉េខាងជើងជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) នេះ គិតចាប់តាំងពីបិទបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ដោយនេះបានបង្ហាញនូវក្តីសង្ឃឹម ដែលថា ប្រទេសឯកោមួយនេះ អាចនឹងបើកទីក្រុងព្រំដែនឡើងវិញឆាប់ៗ ដើម្បីទទួលភ្ញៀវបរទេស។
កាលពីខែមករា ទីភ្នាក់ងារទេសចរណ៍ បានប្រាប់ថា កូរ៉េខាងជើងនឹងបើកឡើងវិញនូវទីក្រុងព្រំដែន Rason សម្រាប់ភ្ញៀវទេសចរបរទេស ពោលគឺមានរយៈពេល ៥ឆ្នាំបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបិទព្រំដែនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ តែយ៉ាងណាក្ដី ទាំងកូរ៉េខាងជើង និងចិន មិនបានធ្វើអត្ថាធិប្បាយលើផែនការនេះទេ។
ក្រុមហ៊ុនទេសចរណ៍ Koryo Tours មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលផ្តល់ជូនអ្នកទេសចរលោកខាងលិចជាពិសេសនូវឱកាសដ៏កម្រចូលទៅលេងនៅក្នុងប្រទេសដ៏អាថ៌កំបាំងមួយនេះ បានសរសេរនៅលើគេហទំព័ររបស់ខ្លួន នាថ្ងៃទី១៣ ខែកុម្ភៈនេះថា «បុគ្គលិកបានឆ្លងកាត់ព្រំដែន នៅព្រឹកព្រលឹមថ្ងៃនេះ»។
ទីភ្នាក់ងារទេសចរណ៍នេះ បានសរសេរនៅក្នុងប្លក់ថា៖ «យើងរីករាយណាស់ដែលបានចូលកូរ៉េខាងជើង។ ប្រទេសនេះមិនទាន់បើកទូលាយនៅឡើយទេ សម្រាប់វិស័យទេសចរណ៍ ហើយនេះជាដំណើរកម្សាន្តពិសេសសម្រាប់តែបុគ្គលិកប៉ុណ្ណោះ»។
ទីភ្នាក់ងារទេសចរណ៍មួយផ្សេងទៀត គឺ Young Pioneer Tours ក៏បានបង្ហោះរូបភាពលិខិតឆ្លងដែនដែលមានត្រាព្រំដែនកូរ៉េខាងជើង ដោយប្រកាសថា ពួកគេ «ត្រលប់មកវិញជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ»៕