អភិបាលខេត្តបានប្រាប់ឲ្យដឹងថា ការរុលទៅមុខរបស់ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា ចូលទៅក្នុងខេត្ត South Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គំរាមកំហែងបង្កឲ្យមានមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់មួយដែលផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់រួចហើយ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមជនជាតិភាគតិច Tutsi បាន និងកំពុងវាយលុករុលសន្សឹមៗទៅភាគខាងត្បូង គិតចាប់តាំងពីពួកគេបានដណ្តើមកាន់កាប់ទីក្រុងដ៏ធំបំផុត Goma នៅភាគខាងកើតប្រទេសកុងហ្គោ កាលពីចុងខែមុន ដោយបានគ្រប់គ្រងដែនជាច្រើនបន្ថែមទៀត បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក៏ដោយ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សប្រហែល ៣.០០០នាក់ ត្រូវបានសម្លាប់ អំឡុងពេលមានអំពើហិង្សាប៉ុន្មានថ្ងៃមុនការដណ្ដើមកាន់កាប់ទីក្រុង Goma ដែលជារដ្ឋធានីនៃខេត្ត North Kivu។
មន្ទីរពេទ្យនានា មានជនរងគ្រោះយ៉ាងច្រើនលើសលប់ ហើយប្រតិបត្តិការមនុស្សធម៌ នៅក្នុងទីក្រុង ត្រូវបានរាំងស្ទះ ខណៈដែលបុគ្គលិកជំនួយមិនសំខាន់ ត្រូវបានជម្លៀសចេញ ហើយឃ្លាំងស្តុកត្រូវបានចោរចូលលួច។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters អភិបាលខេត្ត លោក Jean-Jacques Purusi Sadiki បានប្រាប់ថា ចាប់តាំងពីពេលនោះមកមានលំហូរជនភៀសខ្លួនចេញពីទីក្រុង Goma ទៅកាន់ខេត្ត South Kivu ដោយ «កំពុងបង្កើតឲ្យមានតម្រូវការមនុស្សធម៌ដ៏ធំដែលយើងកំពុងព្យាយាមប្រឈមជាមួយ»។ លោកបានបន្តថា តំបន់នេះមានធនធានតិចតួចខ្លាំងណាស់។
លោកបានបន្ថែមថា ចរាចរណ៍ត្រូវបានផ្អាក រវាងខេត្តភាគ South Kivu និង North Kivu ដែលបង្កើតឲ្យមានការខ្វះខាតទំនិញ។ ដោយនិយាយនៅក្នុងទីក្រុង Bukavu របស់ខេត្ត South Kivu លោកបានសង្កត់ធ្ងន់ថា៖ «ការភ័យខ្លាចរបស់យើង គឺថា ប្រសិនបើក្រុម M23 រុលទៅកាន់តំបន់នេះ វានឹងជួយធ្វើឲ្យមានមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរជាមិនខាន»៕