រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) នេះ បាននិយាយថា ការពិភាក្សាជាមួយសមភាគីចិន លោក Wang Yi នឹងរួមបញ្ចូលបញ្ហាដែលតែងតែធ្វើឲ្យប្រទេសទាំង២ «មើលមុខគ្នាមិនចំ»។
គួរបញ្ជាក់ថា លោក Wang កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាដំណើរដើម្បីស្តារឡើងវិញនូវកិច្ចសន្ទនាជាយុទ្ធសាស្ត្រអង់គ្លេស-ចិន ជាវេទិកាចុងក្រោយដែលបានធ្វើឡើងក្នុងឆ្នាំ២០១៨ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពប្រក្រតីឡើងវិញ បន្ទាប់ពីមានភាពតានតឹងជាច្រើនឆ្នាំ។
ដោយនិយាយទៅកាន់លោក Wang នៅខាងក្នុងការិយាល័យក្រសួងការបរទេស លោក Lammy បានលើកឡើងថា៖ «ខ្ញុំទន្ទឹងរង់ចាំនូវការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃនេះ ដែលមានរួមទាំងការតាមដានលើផ្នែកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាបញ្ហាសំខាន់ៗ សម្រាប់សន្តិសុខជាតិរបស់ចក្រភពអង់គ្លេសផងដែរ»។
លោក Lammy បានបន្ថែមថា៖ «ពួកយើងក៏នឹងពិភាក្សាផងដែរ អំពីបញ្ហាដែលតែងតែធ្វើឲ្យចក្រភពអង់គ្លេស និងចិន មើលមុខគ្នាមិនចំ ហើយក្នុងករណីខ្លះ ចក្រភពអង់គ្លេសមានការព្រួយបារម្ភយ៉ាងខ្លាំង»។
ការអត្ថាធិប្បាយរបស់លោក Lammy នេះ បានកើតឡើងនៅដើមដំបូងនៃកិច្ចប្រជុំ មុនពេលប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានឲ្យចាកចេញពីបន្ទប់។ ព័ត៌មានផ្លូវការពីអង់គ្លេសនៃកិច្ចប្រជុំនេះទាំងស្រុង ត្រូវបានរំពឹងថា នឹងចេញនៅពេលបន្ទាប់៕