ពលរដ្ឋនិងកម្មករដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៅថ្ងៃនេះ បានលើកឡើងពីការពិតថា គ្មានការកំណត់ចំនួនដងនៃការប្រើប្រាស់សេវាប.ស.សដូចការប្រឌិតព័ត៌មានពីបណ្តាញសង្គមនិងក្រុមអគតិមួយចំនួនដែលកំពុងបំពុលនោះឡើយ។
អ្នកនាង យ៉ឺន សុជាតិ សមាជិកប.ស.ស ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដៃគូប.ស.ស. បានគូសបញ្ជាក់ថា គ្មានការកំណត់ចំនួនដងនៃការចូលសម្រាកមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.ស.នោះឡើយ ក្នុងខណៈដែលមានមនុស្សផ្សព្វផ្សាយបំពុលថា មួយអាទិត្យអាចពិនិត្យបានតែម្តងប៉ុណ្ណោះ។អ្នកនាងបញ្ជាក់ថា៖“ពាក្យចចាមអារាមហ្នឹង គេនិយាយថា ក្នុងមួយអាទិត្យគេស្កេនប.ស.ស.បានតែម្តងទេ។...មានប.ស.សដូចមានលុយក្នុងដៃអញ្ចឹង ទៅពេទ្យពេលណាក៏បាន...តែនេះអត់ទេមួយថស្កេនបានដង”។
ជាមួយគ្នានេះ សមាជិកប.ស.ស.ផ្សេងទៀត ក៏បានបញ្ជាក់ដូចៗគ្នាថា ការចូលសម្រាកនៅមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.ស.គ្មានការកំណត់នោះឡើយ។
ជាមួយគ្នានេះ សមាជិកប.ស.ស. ទាំងអស់បានអំពាវនាវប្រជាពលរដ្ឋ និងសមាជិកប.ស.ស. កុំមានការយល់ច្រឡំ និងជឿតាមការផ្សព្វផ្សាយរបស់ក្រុមអគតិមួយចំនួនដែលផ្សាយព័ត៌មានមិនពិតដូចនេះ។ បន្ថែមពីនេះ ប្រជាពលរដ្ឋថែមទាំងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលជាអ្នកបានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិមួយដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយដែលជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ៕