ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ប្រទេសអ៊ុយក្រែននឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ដោយគ្មានការចូលរួមរបស់ខ្លួននោះទេ បន្ទាប់ពីលោក Donald Trump និងលោក Vladimir Putin បានសន្យាថានឹងចាប់ផ្តើមកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមក្នុងជំនួបតាមទូរស័ព្ទនៅសប្ដាហ៍នេះ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា យើងមិនអាចទទួលយកបានទេ ក្នុងនាមជាប្រទេសឯករាជ្យ។ជាការឆ្លើយតប លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ុយក្រែន នឹងត្រូវចូលរួមក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី។

ប្រធានាធិបតីអាមេរិកបាននិយាយអំពីលទ្ធភាពដ៏ល្អនៃការបញ្ចប់សង្រ្គាម បន្ទាប់ពីលោក និងមេដឹកនាំរុស្ស៊ីបានពិភាក្សាគ្នាតាមទូរស័ព្ទ។ លោកបន្តថា មិនអាចទៅរួចទេសម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាមួយណាតូ ហើយទំនងជាមិនអាចត្រឡប់ទៅព្រំដែនមុនការឈ្លានពានរបស់ខ្លួននោះ។
ឥឡូវនេះលោកបានស្នើឱ្យតំណាងរុស្ស៊ីជួបជាមួយក្រុមមន្ត្រីអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះនៅទីក្រុង Munich ដែលកំពុងរៀបចំសន្និសីទសន្តិសុខ។
លោក Trump បាននិយាយថា រុស្ស៊ីនឹងនៅទីនោះជាមួយប្រជាជនរបស់យើង ។អ៊ុយក្រែនក៏ត្រូវបានអញ្ជើញផងដែរ។ មិនប្រាកដទេថាអ្នកណានឹងទៅទីនោះពីប្រទេសណាមួយ ប៉ុន្តែមានមនុស្សកម្រិតខ្ពស់មកពីរុស្ស៊ី មកពីអ៊ុយក្រែន និងពីសហរដ្ឋអាមេរិក។
មេដឹកនាំអ៊ុយក្រែន ដែលក៏បានជួបតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃពុធសប្ដាហ៍នេះដែរនោះ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ប្រទេសរបស់លោកមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយធ្វើឡើយដោយគ្មានវត្តមានអ៊ុយក្រែននោះទេ៕