TikTok បានបង្ហាញខ្លួនឡើងវិញនៅលើប្រព័ន្ធទាញយកកម្មវិធី App Store របស់បណ្ដាញ Apple និង Google នៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) សប្ដាហ៍នេះ ខណៈលោកប្រធានាធិបតី Donald Trump បានពន្យារពេលការហាមឃាត់រហូតដល់ថ្ងៃទី០៥ ខែមេសា ហើយបានធានាដល់ក្រុមហ៊ុននានាថា ពួកគេនឹងមិនត្រូវរងការពិន័យសម្រាប់ការចែកចាយ ឬថែទាំកម្មវិធីរបស់ចិនមួយនេះទេ។

កម្មវិធីវីដេអូខ្លីដ៏ពេញនិយម ដែលមានអ្នកប្រើប្រាស់អាមេរិកចំនួន ១៧០លាននាក់នេះ បានចាប់ផ្តើមស្ដារសេវាកម្មរបស់ខ្លួនជាថ្មីឡើងវិញ ប៉ុន្មានសប្តាហ៍បន្ទាប់ពីអេបបានបិទដំណើរការរយៈពេលពេលខ្លី ខណៈលោក Trump ធានាថានឹងស្តារការចូលប្រើប្រាស់ឡើងវិញមុនការឡើងកាន់តំណែងរបស់ខ្លួន។

ក្រឹត្យរបស់លោក Trump កាលពីខែមុន បានពន្យារពេលបម្រាម TikTok រយៈពេល ៧៥ថ្ងៃ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិន បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន។
សេចក្តីណែនាំបាននិយាយថា ក្រុមហ៊ុននានាដែលដំណើរការប្រព័ន្ធទាញយកកម្មវិធីទូរសព្ទ ឬទីផ្សារឌីជីថល ដែលអ្នកប្រើប្រាស់អាចចូលទាញយក និងអាប់ដេតកម្មវិធីនេះ នឹងមិនប្រឈមមុខនឹងការពិន័យឡើយចំពោះការថែទាំកម្មវិធី TikTok ឱ្យដំណើរការ។ គួរបញ្ជាក់ថា TikTok គឺជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេទីពីរនៅអាមេរិក ជាមួយនឹងការទាញយកច្រើនជាង ៥២លានដងក្នុងឆ្នាំ២០២៤ នេះបើយោងតាមក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower ៕