ប្រជាជនអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) បានសម្ដែងការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរៀបចំលក់ប្រទេសរបស់ពួកគេ បន្ទាប់ពីការហៅទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទោះបីជាមានអ្នកខ្លះបានសម្តែងក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនេះក៏ដោយ។

កិច្ចពិភាក្សាតាមទូរសព្ទរបស់លោក Trump ទៅកាន់មេដឹកនាំរុស្ស៊ីនេះ គឺជាលើកទីមួយហើយសម្រាប់ថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈប្រមុខការពារជាតិរបស់លោក Trump សម្ដែងការសង្ស័យលើការស្ដារឡើងវិញពេញលេញនៃព្រំដែនអ៊ុយក្រែន និងបំណងប្រាថ្នារបស់ទីក្រុងគីវ ក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។

អ្នកក្រុងគីវវ័យ ២៣ឆ្នាំម្នាក់បាននិយាយថា "មើលទៅហាក់ដូចជាពួកគេចង់ឱ្យអ៊ុយក្រែនលើកទង់សចុះចាញ់ ពីព្រោះទីក្រុងគីវមើលមិនឃើញអត្ថប្រយោជន៍ណាមួយសម្រាប់ខ្លួនលើការចរចាទាំងនេះទេ រួមទាំងវោហាសាស្ត្ររបស់លោក Trump"។
អ៊ុយក្រែនបានព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាបន្ទាន់ជាមួយរដ្ឋបាលថ្មីរបស់លោក Trump ដោយផ្តល់នូវកិច្ចព្រមព្រៀងរ៉ែដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក ខណៈកងកម្លាំងរុស្ស៊ី ដែលកាន់កាប់មួយភាគប្រាំនៃអ៊ុយក្រែនរួចទៅហើយ បានបន្តដាក់សម្ពាធកាន់តែខ្លាំងក្លានៅក្នុងសមរភូមិ៕