នគរបាល បានចាប់ខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថានម្នាក់ នៅកន្លែងកើតហេតុជាអ្វីដែលមេដឹកនាំអាល្លឺម៉ង់ ហៅថា «ការវាយប្រហារដោយការបើករថយន្តបំបុក» កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បណ្តាលឱ្យមនុស្ស៣០នាក់រងរបួស នៅក្នុងទីក្រុងមុយនិច(Munich) ភាគខាងត្បូង។

ហេតុការណ៍បើករថយន្តបំបុកនេះ បានកើតឡើងនៅមុនថ្ងៃនៃសន្និសីទសន្តិសុខអន្តរជាតិ នៅក្នុងរដ្ឋ បាវ៉ារៀ ហើយក្នុងពេលមានការជជែកដេញដោលដ៏ក្តៅគគុកនៅក្នុងប្រទេសអាល្លឺម៉ង់ ស្តីពីការធ្វើអន្តោប្រវេសន៍នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហារស្រដៀងគ្នានេះ។
រថយន្ត Mini Cooper បានបើកបំបុកចូលទៅក្នុងបាតុកម្មរបស់សហជីពមួយ បណ្ដាលឲ្យជនរងគ្រោះ និងរបស់របរ នៅរាយប៉ាយ។

អភិបាលក្រុង Munich លោក Dieter Reiter បាននិយាយថា មនុស្សមួយចំនួនកំពុងសម្រាកព្យាបាលដោយរងរបួសធ្ងន់ ហើយស្ថិតក្នុង «ស្ថានភាពគំរាមកំហែងដល់អាយុជីវិត»។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កុមារក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។
នគរបាល បានបាញ់មួយគ្រាប់ទៅលើរថយន្តវាយប្រហារ ហើយបានចាប់ខ្លួនអ្នកបើកបរ ជាអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថានអាយុ ២៤ ឆ្នាំ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់កំណត់អត្តសញ្ញាណថាឈ្មោះជា Farhad N.
អធិការបតី លោក Olaf Scholz បានថ្កោលទោសការវាយប្រហារនេះ ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា វាច្បាស់ណាស់ថា អ្នកវាយប្រហារនេះគ្មានសេចក្តីមេត្តា គាត់ត្រូវតែទទួលទណ្ឌកម្ម ហើយ ត្រូវតែចាកចេញពីប្រទេសអាល្លឺម៉ង់។