ការហៅទូរស័ព្ទរយៈពេលយូរ និងប្រកបដោយផ្លែផ្កាខ្ពស់ របស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin បានបង្កឱ្យមានក្ដីបារម្ភខ្លាំងនៅអឺរ៉ុបអំពី កិច្ចព្រមព្រៀងទុច្ចរិតឬអយុត្តិធម៌ ក្នុងបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអាចថាលក្ខខណ្ឌទាំងនោះ ជាពរជ័យដល់ទីក្រុងមូស្គូ ដោយគ្មានការចូលរួមពីទីក្រុង Kyiv និងទាមទារឲ្យមានវត្តអឺរ៉ុបដែរ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា លោកបានទទួលស្គាល់ថា លោកមិនរីករាយទេកាលដែលលោក Trump បានឆ្លើយឆ្លងជាមួយលោក Putin មុនពេលទូរស័ព្ទពិភាក្សាជាមួយរូបជាក្រោយនោះ ដោយនាំឲ្យមានការសង្ស័យពីគោលនយោបាយរបស់លោកខាងលិច ចំពោះអ៊ុយក្រែនក្នុងសង្រ្គាមរយៈពេលជិតបីឆ្នាំនៃការលុកលុយពេញបន្ទុករបស់រុស្ស៊ី។

ទាំងលោក Trump ទាំងរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Pete Hegseth បាននិយាយតាំងពីពេលនោះមកថា ពួកលោកជឿថាការចរចានឹងពាក់ព័ន្ធអ៊ុយក្រែន ។ នៅពេលអ្នកសារព័ត៌មានសួរកាលពីថ្ងៃពុធ ថាតើលោកមើលឃើញអ៊ុយក្រែនជាដៃគូស្មើគ្នាក្នុងការចរចាសន្តិភាព ដែរទេ លោក Trump បានឆ្លើយថា នោះជាសំណួរគួរឱ្យចាប់អារម្មណ៍ ។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានព្រមានប្រឆាំងនឹងកិច្ចព្រមព្រៀងដោយអយុត្តិធម៌ ដើម្បីបញ្ចប់សង្រ្គាមដោយនិយាយថាអឺរ៉ុប និងអ៊ុយក្រែនត្រូវតែមានកៅអីនៅតុចរចា ព្រោះគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយអាចត្រូវបានអនុវត្តដោយគ្មានការចូលរួមរបស់ពួកគេឡើយ៕
