ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ គ្រប់មន្ត្រីរាជការ កម្មករនិយោជិកអាចឈប់សំរាកបានរហូតដល់៤ថ្ងៃ ហើយក៏ជាឱកាសជំរុញឲ្យភ្ញៀវទេសចរក្នុងស្រុក នឹងចេញដើរកម្សាន្តច្រើនទៅតាមគោលដៅទេសចរណ៍នានា។
សម្រាប់បញ្ហានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវអាជ្ញាធរមូលដ្ឋានពង្រឹងការអនុវត្តវិធានសុខាភិបាល និងអនុវត្តវិធាន SOP ដើម្បីគោលដៅទេសចរណ៍រឹតតែមានសុវត្ថិភាពថែមទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅសល់ប្រមាណតែ៣ថ្ងៃទៀតប៉ុណ្ណោះ ការឈប់សំរាកព្រះរាជពិធីបុណ្យអុំទូក នឹងឈានចូលមកដល់ ហើយនៅក្នុងឱកាសការឈប់សំរាកនោះ ប្រសិនបើភ្ញៀវទេសចរក្នុងស្រុកដែលចេញដើរកម្សាន្ត និងអាជីវកម្មទេសចរណ៍នានានៅតាមបណ្តាគោលដៅទេសចរណ៍ បន្តអនុវត្តវិធានសុខាភិបាល អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា SOP ឲ្យរឹតតែល្អប្រសើរថែមទៀត ហើយនឹងមិនមានករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ច្រើននោះ នៅក្រោយបុណ្យអុំទូក កម្ពុជាទាំងមូលនឹងក្លាយជាប្រទេសមានសុវត្ថិភាព និងមានភាពស៊ាំក្នុងសហគមន៍បានល្អជាមួយនឹងការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋដ៏ច្រើនលើសលប់។
បើភ្ញៀវអន្តរជាតិក្នុងស្រុក បានយល់ឃើញថា ក្នុងអំឡុងពេលដែលដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍និងតាមអាជីវកម្មទេសចរណ៍ កត់សំគាល់ឃើញថា គ្រប់បណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងសេវាស្នាក់នៅ និងសេវាម្ហូបអាហារ គឺបានត្រៀមខ្លួន និងរៀបចំដំណើរការបើកដំណើរអាជីកម្មដោយមានការប្រុងប្រយ័ត្នបានល្អ ហើយលោកក៏បានស្នើពលរដ្ឋបន្តអនុវត្តវិធាន៣កុំ៣ការពារ ខណៈកូវីដ១៩មិនទាន់ផុតរលុតទាំងស្រុងនោះទេ។
បើតាមលោកលូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា ការប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិដោយលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវអន្តរជាតិបានចាក់វ៉ាក់សាំង របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅមុនថ្ងៃបុណ្យអុំនេះ គឺបានរួមចំណែកលើកទឹកចិត្តជម្រុញទេសចរក្នុងស្រុកចេញដើរកម្សាន្តកាន់តែច្រើនថែមទៀត។
នៅក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យអុំទូក ខណៈដែលគ្រប់អាជីវកម្មទេសចរណ៍ជាង៥០% ដែលបានបើកឡើងវិញក្នុងអំឡុងពេលនេះ គឺគេសុទ្ធតែទទួលបានការណែនាំពីអាជ្ញាធរមូលដ្ឋានពីការអនុវត្តវិធានសុខាភិបាល និងការប្រតិបត្តិការស្តង់ដារអប្បបរមាSOP ដើម្បីទប់ស្កាត់កូវីដ១៩៕
អត្ថបទ ស៊ុម សុខជា