ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ថា សហរដ្ឋអាមេរិក នឹងបង្កើនការលក់យុទ្ធោបករណ៍ទៅឲ្យប្រទេសឥណ្ឌា ដោយចាប់ផ្តើមពីឆ្នាំ ២០២៥ ហើយនឹងផ្តល់យន្តហោះចម្បាំង F-35 ផងដែរ។

លោក Trump និយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញ៉ូវ ឌេលី នឹងធ្វើការរួមគ្នា ដើម្បីប្រឈមទៅនឹងអ្វីដែលលោកចាត់ទុកថាជា «ការគំរាមកំហែងនៃអំពើភេរវកម្មអ៊ីស្លាមនិយមជ្រុល»។

មេដឹកនាំទាំងពីរ បាននិយាយអំពីការធ្វើបត្យាប័នទៅកាន់ប្រទេសឥណ្ឌា ពីសហរដ្ឋអាមេរិក នូវមនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការការវាយប្រហារនៅទីក្រុង Mumbai កាលពីឆ្នាំ២០០៨ ។
ជាមួយគ្នានេះ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលប្រទេសឥណ្ឌានឹងនាំចូលប្រេង និងឧស្ម័នពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លោក Trump បានធ្វើអត្ថាធិប្បាយបន្ទាប់ពីជំនួបទ្វេភាគីនៅសេតវិមាន ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា បានកំណត់គោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីទ្វេដង ដល់៥០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយនឹងធ្វើការលើការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងពេលឆាប់ៗនេះ។