បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអង់គ្លេស Jermain Defoe នឹងឡើងមកជួយដឹកនាំក្រុម Glasgow Rangers បន្ទាប់ពី Steven Gerrard ចាកចេញទៅដឹកនាំ Aston Villa។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះនឹងជាគ្រូបង្វឹកផង ជាកីឡាករផងដែរនៅ Rangers រួមជាមួយ Brian Gilmour, David McCallum និង Collin Stewart ក្នុងការរួមគ្នាដឹកនាំក្រុមជាបណ្តោះអាសន្ន។

Steven Gerrard បានចាកចេញទៅដឹកនាំ Aston Villa សប្តាហ៍មុនស្របពេល Rangers ត្រូវលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃអាទិត្យនេះពាន Scottish League Cup។ មកដល់ពេលនេះ Rangers រកមិនទាន់បានអ្នកចាត់ការនៅឡើយ តែក្លិបបានទាក់ទងជាមួយអតីតកីឡាករជំរើសជាតិហូឡង់ Giovanni van Bronckhorst ផងដែរ។ អតីតអ្នកចាត់ការ Feyenoord រូបនេះស្ថិតក្នុងបញ្ជីអ្នកចាត់ការដែលអាចមកដឹកនាំ Rangers រួមជាមួយ Frank Lampard ផងដែរ៕
អត្ថបទ៖នាង សុភាវុធ