រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (១៣ កុម្ភៈ) ថា អ៊ុយក្រែននឹង "ប្រាកដណាស់" ថាអាចចូលរួមក្នុងកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែនឹងមានទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដាច់ដោយឡែកមួយសម្រាប់ការចរចានោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បាននិយាយផងដែរថា គេអាចចំណាយពេលច្រើនខែ ដើម្បីរៀបចំកិច្ចប្រជុំរវាងលោកប្រធានាធិបតី Vladimir Putin និងមេដឹកនាំអាមេរិក លោក Donald Trump ដែលប្រហែលជាកើតឡើងនៅទីក្រុងរីយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីត។

មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃពុធ និងបានប្រកាសពីចេតនាក្នុងការជួបទល់មុខគ្នា ភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយចំៗទៅកាន់សម្ព័ន្ធមិត្តថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែនទេ។

លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា "ពិតណាស់ អ៊ុយក្រែននឹងចូលរួមក្នុងការចរចាតាមរយៈមធ្យោបាយសមស្របណាមួយ"។ លោកបន្ថែមថា "នឹងមានបណ្ដាញទ្វេភាគីរុស្ស៊ី-អាមេរិកនៃកិច្ចសន្ទនានេះ ហើយជាផ្លូវដែលនឹងទាក់ទងទៅនិងការចូលរួមរបស់អ៊ុយក្រែន"។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះទំនងជាមិនធានាដល់ទីក្រុងគីវ ឬបន្ធូរបន្ថយកង្វល់របស់រដ្ឋាភិបាលអឺរ៉ុប ដែលកំពុងទាមទារកៅអីនៅតុចរចាបានទេ ដោយសារតែខ្លាចថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន អាចធ្វើកិច្ចព្រមព្រៀងមួយដែលប៉ះពាល់សន្តិសុខរបស់ពួកគេ៕