រដ្ឋាភិបាលសហព័ន្ធប្រទេសឥណ្ឌា បានយកមកគ្រប់គ្រងដោយផ្ទាល់នូវរដ្ឋ Manipur ភាគឦសានដែលច្របូកច្របល់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បន្ទាប់ពីរដ្ឋមន្រ្ដីប្រចាំរដ្ឋរបស់តំបន់នេះ បានលាលែងពីតំណែង ក្នុងពេលមានអំពើហិង្សាជនជាតិភាគតិច ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ស្លាប់ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ និងរាប់ពាន់នាក់ទៀតបានភៀសខ្លួនចេញ។

រដ្ឋមួយក្នុងចំណោមរដ្ឋរបស់ប្រទេសឥណ្ឌា Manipur បានឃើញការប៉ះទង្គិចគ្នាខ្លាំងរវាងសហគមន៍ Meitei និងសហគមន៍ជនជាតិភាគតិច Kuki ចាប់តាំងពីឆ្នាំ២០២៣ នៅពេលដែលតុលាការ បាននិយាយថាអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារដែលផ្តល់ដល់សហគមន៍ជនជាតិភាគតិច Kukis ក៏ត្រូវបានពង្រីកទៅដល់សហគមន៍ Meiteis ផងដែរ។
ការដាក់នូវអ្វីដែលគេហៅថាការគ្រប់គ្រងលើរដ្ឋរបស់ប្រទេសឥណ្ឌា មានន័យថា វានឹងត្រូវគ្រប់គ្រងដោយផ្ទាល់ដោយរដ្ឋាភិបាលសហព័ន្ធ តាមរយៈអភិបាលរដ្ឋដែលត្រូវបានតែងតាំងដោយសហព័ន្ធ។

នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ Manipur លោក N Biren Singh ជាមេដឹកនាំសហគមន៍ Meitei និងជាសមាជិកគណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានលាលែងពីតំណែងកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានស្នើដោយអភិបាលរដ្ឋឱ្យបន្តការងាររហូតដល់ការរៀបចំដាក់ជំនួសត្រូវបានធ្វើឡើង។ លោកស្ថិតនៅក្រោមសម្ពាធពីក្រុមប្រឆាំង និងសម្ព័ន្ធមិត្តរបស់លោក ឲ្យលាចេញពីតំណែង។
រដ្ឋាភិបាលរបស់លោក Modi បានស្តីបន្ទោសអំពើហិង្សារវាងនិកាយផ្សេងគ្នា មួយផ្នែកទៅលើលំហូរជនភៀសខ្លួនមកពីសហភាពមីយ៉ាន់ម៉ាដែលមានព្រំប្រទល់ជាប់រដ្ឋ Manipur ហើយលោក Singh បាននិយាយកាលពីខែធ្នូ ថា លោកជឿថាភាពប្រក្រតីនឹងវិលមកតំបន់នេះវិញនៅឆ្នាំ ២០២៥ នេះ។
ប្រជាជនប្រហែល១៦% នៃប្រជាជនចំនួន៣,២ លាននាក់នៅរដ្ឋ Manipur ស្ថិតក្នុងសហគមន៍ Meitei ខណៈប្រហែល១៦% ជាជនជាតិភាគតិច Kukis រស់នៅតំបន់ភ្នំ។