ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងកំពុងកម្ទេចចោលកន្លែងជួបជុំគ្រួសារឡើងវិញដែលបែកគ្នានៅក្នុងតំបន់ទេសចរណ៍ភ្នំ Kumgang របស់ខ្លួន ហើយបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ជាបន្ទាន់។

លោក Koo Byoung-sam អ្នកនាំពាក្យក្រសួងខាងលើរបស់កូរ៉េខាងត្បូង ក៏បានសម្តែងការសោកស្ដាយជាខ្លាំងផងដែរចំពោះចំណាត់ការរបស់កូរ៉េខាងជើង ដោយបានប្តេជ្ញាពិចារណាលើវិធានការផ្លូវច្បាប់ប្រឆាំងការរំលោភសិទ្ធិរបស់ទីក្រុងព្យុងយ៉ាង លើកម្មសិទ្ធិទ្រព្យសម្បត្តិរបស់កូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រាយការណ៍ថា កន្លែងជួបជុំគ្រួសារដែលបែកគ្នា គឺជារចនាសម្ព័ន្ធដែលគ្រប់គ្រងដោយភាគីកូរ៉េខាងត្បូង នៅរមណីយដ្ឋាន Mount Kumgang ខណៈកូរ៉េខាងជើងបានកម្ទេចគ្រឿងបរិក្ខារផ្សេងទៀតទាំងអស់នៅក្នុងតំបន់ទេសចរណ៍ ដែលធ្លាប់ចាត់ទុកថាជានិមិត្តរូបនៃការផ្សះផ្សាអន្តរកូរ៉េ។អ្នកនាំពាក្យរូបនេះ បានរិះគន់ការវាយកម្ទេចនេះថាជាទង្វើប្រឆាំងនឹងមនុស្សជាតិ ជាន់ឈ្លីក្តីសង្ឃឹមរបស់គ្រួសារដែលបែកបាក់គ្នា ។

លោកបានបន្តថាក្រុងសេអ៊ូលនឹងពិនិត្យឡើងវិញលើវិធានការចាំបាច់នានា រួមទាំងសកម្មភាពផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
គួររម្លឹកថា ថវិកាចំនួន៥១,២ពាន់លានវ៉ុន ឬស្មើ ៣៥,២លានដុល្លារអាមេរិកបានពីប្រទេសកូរ៉េខាងត្បូង អគារកម្ពស់១២ជាន់មួយនេះ ត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០០៨តាមរយៈកិច្ចព្រមព្រៀងអន្តរកូរ៉េដើម្បីរៀបចំការជួបជុំគ្រួសារមកពីកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប្រទេសបងប្អូនកូរ៉េទាំងពីរ នៅតែមើលមុខគ្នាមិនចំតាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់១៩៥៣ និងការបែងចែកជាបន្តបន្ទាប់នៃឧបទ្វីបកូរ៉េ។
គិតត្រឹមចុងខែធ្នូកន្លងទៅ ពលរដ្ឋកូរ៉េខាងត្បូងចំនួន ៣៦,៩៤១នាក់ បានចុះឈ្មោះជាមួយរដ្ឋាភិបាលរបស់ពួកគេបំណងចង់ជួបជុំសមាជិកគ្រួសារឡើងវិញនៅក្នុងទឹកដីកូរ៉េខាងជើង ខណៈអ្នកផ្សេងទៀតបានស្លាប់ដោយសារវ័យចាស់ពេក គ្មានឱកាសបានជួបជុំគ្រួសារ៕