អាជ្ញាធរតំបន់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏មហន្តរាយ នៅទូទាំងប្រទេសប៉េរូ ដោយបានបំផ្លាញលំនៅឋាន និងបង្ខំឱ្យមានការជម្លៀសប្រជាជន នៅក្នុងតំបន់ជាច្រើន រួមទាំងរដ្ឋធានីលីម៉ា ផងដែរ។

នៅទីក្រុង Nazca ភាគខាងត្បូង ទឹកជំនន់ដ៏គំហុកបានបំផ្លាញលំនៅឋានច្រើនខ្នង និងបានបណ្តាលឲ្យមនុស្សរាប់សិបគ្រួសារ ត្រូវការជំនួយសង្គ្រោះបន្ទាន់។ រូបភាពទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីអ្នកស្រុករត់ទៅកាន់ទីទួលសុវត្ថិភាព ខណៈជញ្ជាំងបានបាក់រលំនៅជិតទន្លេដែលមានទឹកពេញហៀរ ហើយអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានប្រញាប់ប្រញាល់ផ្តល់ជំនួយនៅក្នុងស្រុកដែលរងគ្រោះខ្លាំងបំផុត។

វេទិកាតំបន់ការពារជនស៊ីវិល បានប្រកាសកិច្ចប្រជុំបន្ទាន់មួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
អង្គភាពសេវាអាកាសធាតុរបស់ប្រទេសប៉េរូ បានព្រមានថាតំបន់ជាច្រើនទៀតអាចប្រឈមនឹងស្ថានភាពស្រដៀងគ្នា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Ricardo Guillen Balin អ្នកសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់ប្រចាំតំបន់ បាននិយាយថា «យើងកំពុងមើលឃើញភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗរបស់ប្រទេស» ហើយបច្ចុប្បន្នអាជ្ញាធរតំបន់ កំពុងវាយតម្លៃការខូចខាត និងផ្តល់ជំនួយមនុស្សធម៌។