អភិបាលខេត្តបាននិយាយថា ការរុលទៅមុខរបស់ក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា ចូលទៅក្នុងខេត្ត South Kivu របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានគំរាមកំហែងដល់ការបង្កមហន្តរាយមនុស្សធម៌នៅក្នុងតំបន់មួយដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់។

ក្រុមឧទ្ទាមដឹកនាំដោយក្រុម Tutsi បាននិងកំពុងវាយលុករុលចូលទៅភាគខាងត្បូង ចាប់តាំងពីពួកគេដណ្តើមគ្រប់គ្រងទីក្រុង Goma ជាទីក្រុងធំបំផុតនៅភាគខាងកើតប្រទេសកុងហ្គោ កាលពីចុងខែមុន ដោយទទួលបានដែនដីកាន់តែច្រើន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក៏ដោយ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សប្រហែល ៣.០០០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលច្រើនថ្ងៃនៃអំពើហិង្សា មុនការដណ្តើមយកទីក្រុង Goma ជាទីរួមខេត្ត North Kivu។

មន្ទីរពេទ្យនានា មានជនរងគ្រោះច្រើនលើសលប់ ហើយប្រតិបត្តិការមនុស្សធម៌នៅក្នុងទីក្រុង ត្រូវបានរារាំង ខណៈបុគ្គលិកផ្តល់ជំនួយមិនចាំបាច់ត្រូវបានជម្លៀសចេញ ហើយឃ្លាំងផ្ទុកជំនួយត្រូវបានគេចូលលួច។
អាជ្ញាធរ និយាយថា ចាប់តាំងពីពេលនោះមក មានលំហូរជនភៀសខ្លួនជាច្រើន ចេញពីទីក្រុង Goma ទៅកាន់ខេត្ត South Kivu ដោយបានបង្កើតតម្រូវការមនុស្សធម៌ដ៏ធំ ដែលយើងកំពុងប្រឈមមុខ ហើយតំបន់នេះ មានធនធានតិចតួចប៉ុណ្ណោះ។
ចរាចរណ៍ ត្រូវបានផ្អាកនៅចន្លោះខេត្ត South Kivu និងខេត្ត North Kivu បណ្តាលឲ្យមានការខ្វះទំនិញប្រើប្រាស់។