ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមន្ត្រីអាកាសយានដ្ឋាន បាននិយាយថា អ្នកគាំទ្រក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបិទផ្លូវអាកាសយានដ្ឋានក្រុងបេរូត និងបានដុតកង់រថយន្ត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ានឹងការសម្រេចចិត្តដែលរារាំងយន្តហោះអ៊ីរ៉ង់ពីរគ្រឿង ពីការចុះចត នៅក្នុងរដ្ឋធានីនៃប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់(NNA) បានរាយការណ៍ថា៖«យុវជនបានដុតកង់រថយន្ត នៅមុខច្រកចូលអាកាសយានដ្ឋាន ដោយលើកបដាគាំទ្រអតីតអគ្គលេខាធិការរបស់ក្រុមហេសបូឡា លោក Hassan Nasrallah»។

រូបភាពវីដេអូរបស់សារព័ត៌មាន AFP បានបង្ហាញថា យុវជនមួយចំនួន បានលើកទង់ពណ៌លឿងរបស់ ក្រុមហេសបូឡា និងកាន់រូបថតរបស់លោក Nasrallah ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីខែកញ្ញា ក៏ដូចជាមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Qasem Soleimani ដែលបានស្លាប់ផងដែរ។
សារព័ត៌មាន NNA បានឲ្យដឹង ថា កងទ័ពលីបង់ ត្រូវបានគេដាក់ពង្រាយ នៅទីនោះ ដោយមានវីដេអូតាមអ៊ីនធឺណិត បង្ហាញពីការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងទាហាន ដែលខឹងសម្បាយ៉ាងខ្លាំង។
មន្ត្រីម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៃទីក្រុងបេរូត បានប្រាប់សារព័ត៌មាន AFP ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យស្ថាប័ននេះ ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ Mahan Air ថា ប្រទេសលីបង់ មិនអាចស្វាគមន៍ជើងហោះហើរពីរ ដែលជាប់នឹងទីក្រុងបេរូតរបស់ខ្លួនបានទេ។