ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកបី នៃខេត្តតាកែវ បានចាប់ផ្ដើម ហើយមួយថ្ងៃម្សិលមិញនោះ ការចាក់វ៉ាក់សាំងសម្រេចបានជាង ១ម៉ឺននាក់។
កាលពីម្សិលមិញ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យខេត្តតាកែវ បានបើកដំណើរ ការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រុកបាទី សំរោង និងស្រុកត្រាំកក់ ដែលប្រជាពលរដ្ឋក្នុងស្រុកបាទី និងស្រុកសំរោង ត្រូវចាក់ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចំណែកពលរដ្ឋស្រុកត្រាំកក់ ត្រូវចាក់ដោយក្រុមគ្រូពេទ្យរបស់ខេត្ត នៅក្នុងមណ្ឌលសុខភាពចំនួន១៤។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ នៅក្នុង ស្រុកទាំងបីនេះ មានចំនួនប្រមាណ៣០ម៉ឺននាក់ ហើយអាជ្ញាធរ បានជ្រើសរើសវត្តចំនួន២១ នៅក្នុងស្រុកសំរោង និងស្រុកបាទី ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំណែកក្នុងស្រុកត្រាំកក់ អាជ្ញាធរ បានជ្រើសរើសមណ្ឌលសុខភាពចំនួន១៤ ធ្វើជាទីតាំងចាក់វ៉ាក់សាំង។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឱ្យដឹងបន្ថែមថា ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុង ស្រុកចំនួន៧ទៀត អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣ នៅក្នុងខែក្រោយ៕
អត្ថបទ៖ គុជ វិភាគ