ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ចាប់ផ្តើមកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញ ជាមួយរុស្ស៊ី និងចិន ហើយនៅទីបំផុតលោកសង្ឃឹមថា ប្រទេសទាំងបី អាចយល់ព្រមកាត់បន្ថយថវិកាការពារជាតិដ៏ច្រើនរបស់ពួកគេ ចំនួនពាក់កណ្តាល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office លោក ត្រាំ បានសម្តែងការសោកស្ដាយចំពោះទឹកប្រាក់រាប់រយពាន់លានដុល្លារ ដែលត្រូវបានវិនិយោគ ក្នុងការកសាងឡើងវិញនូវប្រព័ន្ធការ ពារប្រឆាំងការវាយប្រហារដោយនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយបាននិយាយថា លោកសង្ឃឹមថា នឹងទទួលបានការប្តេជ្ញាចិត្តពីគូប្រជែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។

លោក ត្រាំ បាននិយាយថា៖«មិនមានហេតុផលសម្រាប់ពួកយើង ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរថ្មីនោះទេ យើងមានច្រើនរួចទៅហើយ» ។ «អ្នកអាចបំផ្លាញពិភពលោកលើសពី ៥០ដង ទៅ១០០ដង ហើយនៅទីនេះ យើងផលិតអាវុធនុយក្លេអ៊ែរថ្មី ហើយពួកគេក៏កំពុងសាងសង់អាវុធនុយក្លេអ៊ែរដែរ»។
លោក ត្រាំ បានលើកឡើងថា៖«យើងទាំងអស់គ្នា កំពុងចំណាយប្រាក់ជាច្រើន ដែលយើងអាចចំណាយលើរបស់ផ្សេងទៀត ដែលសង្ឃឹមថា នឹងផ្តល់ផលិតភាពច្រើនជាងនេះ យ៉ាងពិតប្រាកដ។
ខណៈពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ី មានឃ្លាំងស្តុកអាវុធយ៉ាងច្រើន ចាប់តាំងពីសង្គ្រាមត្រជាក់មក លោក ត្រាំ បានព្យាករថា ប្រទេសចិន នឹងតាមទាន់សមត្ថភាពរបស់ពួកគេ ក្នុងការវាយប្រហារដោយនុយក្លេអ៊ែរ យ៉ាងជាក់លាក់ «ក្នុងរយៈពេល ៥ ឬ ៦ឆ្នាំទៀត»។