អារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស និងរិះគន់ចំពោះការវាយប្រហារអត្តឃាតពីរដាច់ដោយឡែកពីគ្នា ដែលបានកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ។

នៅក្នុងការវាយប្រហារលើកទី១ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារនៅខាងមុខធនាគារមួយក្នុងទីក្រុង Kunduz ភាគខាងជើង កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្ស ៨នាក់ ស្លាប់។ ក្រោយមក ក្រុមរដ្ឋឥស្លាម Daesh បានអះអាងពីការបំផ្ទុះគ្រាប់បែកនេះ ដោយនិយាយថា ខ្លួនបានកំណត់គោលដៅទៅលើបុគ្គលិករដ្ឋាភិបាលតាលីបង់ ដែលកំពុងបើកប្រាក់ខែ។

នៅក្នុងការវាយប្រហារលើកទី២ មនុស្សម្នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារអត្តឃាតមួយ ទៅលើក្រសួងអភិវឌ្ឍន៍ទីក្រុង និងលំនៅឋានអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ឡើងវិញនូវការបដិសេធជាដាច់ខាតរបស់ព្រះរាជាណាចក្រនេះ ចំពោះអំពើភេរវកម្ម និងការគាំទ្ររបស់ខ្លួនចំពោះប្រជាជនអាហ្វហ្គានីស្ថាន ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សា ភេរវកម្ម និងលទ្ធិជ្រុលនិយម។
សេចក្តីថ្លែងការណ៍ ក៏បានសម្តែងការរំលែកទុក្ខរបស់អារ៉ាប៊ីសាអ៊ូឌីត ដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនអាហ្វហ្គានីស្ថានផងដែរ ដោយសូមជូនពរឲ្យអ្នករងរបួស ឆាប់ជាសះស្បើយ។