មន្ត្រីជាន់ខ្ពស់មួយរូប នៅបុរីវ៉ាទីកង់ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលសំណើរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា ដោយនិយាយថា៖«ប្រជាជនប៉ាឡេស្ទីន ត្រូវតែបន្តរស់នៅ នៅលើទឹកដីរបស់ខ្លួន។

លោករដ្ឋលេខាធិការ Pietro Parolin បាននិយាយ នៅខាងក្រៅកិច្ចប្រជុំអ៊ីតាលី-បុរីវ៉ាទីកង់ថា៖«នេះគឺជាចំណុចជាមូលដ្ឋានមួយរបស់តំណាងការទូតនៃព្រះវិហារកាតូលិក និងសម្តេចប៉ាបៈ គ្មានការនិរទេសប្រជាជនប៉ាឡេស្ទីនទេ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ANSA។

លោកបានបន្តទៀតថា ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទឹកដីនេះ នឹងបង្កឲ្យមានភាពតានតឹង ក្នុងតំបន់ និង «មិនសមហេតុផល» ខណៈដែលប្រទេសជិតខាង ដូចជាហ្ស៊កដានី បានប្រឆាំងនឹងផែនការនេះ។
លោកបានថ្លែងទៀតថា៖«ដំណោះស្រាយតាមគំនិតរបស់យើង គឺដំណោះស្រាយរដ្ឋពីរ ព្រោះនេះក៏មានន័យថា ផ្តល់ក្តីសង្ឃឹមដល់ប្រជាជនប៉ាឡេស្ទីនទាំងផងដែរ»។
លោក ត្រាំ បានស្នើសុំកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម និងផ្លាស់ទីប្រជាជន ជាងពីរលាននាក់ ទៅកាន់ប្រទេសហ្ស៊កដានី ឬអេហ្ស៊ីប។ អ្នកជំនាញនិយាយថា គំនិតនេះ នឹងបំពានច្បាប់អន្តរជាតិ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាងហ៊ូ (Benjamin Netanyahu) បានហៅ ការធ្វើបែបនេះថា ជា«បដិវត្តន៍»។
សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅសប្តាហ៍នេះ បានរិះគន់ផែនការរបស់លោក ត្រាំ ជុំវិញការនិរទេសជនអន្តោប្រវេសន៍ ដែលគ្មានឯកសារនៅក្នុងសហរដ្ឋអាមេរិកថា នឹងនាំឲ្យមានការឆ្លើយតបយ៉ាងមុតមាំ។