ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោក ជឿជាក់លើ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Puitn) ទាក់ទងនឹងការដោះស្រាយបញ្ហាអ៊ុយក្រែន។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈដែលកំពុងនិយាយជាមួយអ្នកសារព័ត៌មាន នៅសេតវិមាន។
នៅពេលសួរថាតើលោកជឿថា មេដឹកនាំរុស្ស៊ីរូបនេះ ចង់បានសន្តិភាពនៅអ៊ុយក្រែនដែរ ឬអត់ លោកប្រធានាធិបតីអាមេរិក បាននិយាយថា៖«ខ្ញុំជឿថា លោក [ពូ ទីន] ចង់បានសន្តិភាព»។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ខ្ញុំស្គាល់លោកច្បាស់ណាស់។ បាទ ខ្ញុំគិតថា លោក ពិតជា ចង់បានសន្តិភាព។ ខ្ញុំជឿជាក់ថា លោកនឹងប្រាប់ខ្ញុំ ប្រសិនបើលោក មិនចង់បានសន្តិភាពនោះទេ។

លោកក៏បានឆ្លើយនៅក្នុងការបញ្ជាក់ ចំពោះសំណួរថាតើលោកជឿជាក់លើមេដឹកនាំរុស្ស៊ីរូបនេះ ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនដែរឬទេ។ លោកប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា៖«បាទ ខ្ញុំជឿថា លោកចង់ឃើញអ្វីមួយកើតឡើង។ ខ្ញុំទុកចិត្តលោក ពូទីន លើប្រធានបទនេះ។ ខ្ញុំគិតថា លោកចង់ឃើញអ្វីមួយកើតឡើង ហើយខ្ញុំគិតថា វាអាចកើតឡើងជាយូរមកហើយ»។