រលកត្រជាក់ដ៏ខ្លាំងក្លាមួយបាននាំមកនូវការធ្លាក់ព្រិលជាបន្តបន្ទាប់គ្របដណ្ដប់លើតំបន់ជាច្រើននៅទូទាំងប្រទេសជប៉ុន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនយ៉ាងទូលំទូលាយ។ យោងតាមរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការធ្លាក់ព្រិលជាបន្តបន្ទាប់នោះ បានបណ្តាលឱ្យមនុស្សស្លាប់ ១៣នាក់ និងរបួស ១៧៣នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ១៣ កុម្ភៈ សប្ដាហ៍នេះ។

ការធ្លាក់ព្រិលខ្លាំងបានធ្វើឱ្យផ្លូវថ្នល់រងផលប៉ះពាល់នៅទូទាំងប្រទេស ខណៈតំបន់ជាច្រើនមិនអាចចូលទៅដល់បាន។ នៅក្នុងខេត្តហ៊្វូគូស៊ីម៉ា ភាគខាងកើតរបស់ជប៉ុន ខ្យល់ព្យុះទឹកកកបានគ្របដណ្ដប់ផ្លូវសំខាន់មួយ ដោយកាត់ផ្តាច់ផ្នែកនៃផ្លូវជាង ៥គីឡូម៉ែត្រ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់ត្រូវជាប់គាំងនៅក្នុងសណ្ឋាគារចំនួន៣ នៅតាមបណ្តោយផ្លូវទាំងនោះ។

ដោយសារការធ្លាក់ព្រិលនៅតែបន្ត ប្រតិបត្តិការជួយសង្គ្រោះកាន់តែពិបាក។ បុគ្គលិកសម្អាតព្រិលម្នាក់និយាយថា "ដោយសារផ្លូវមិនអាចធ្វើដំណើរបាន ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនត្រូវរំខានយ៉ាងខ្លាំង ហានិភ័យនៃគ្រោះថ្នាក់រអិលមានច្រើន ហើយអ្នកស្រុកខ្លះមិនអាចចេញពីផ្ទះសម្បែងបានទាល់តែសោះ"។
អាជ្ញាធរបានព្រមានថា ការធ្លាក់ព្រិលខ្លាំងអាចបង្កឱ្យមានការស្ទះចរាចរណ៍ និងខូចខាតរចនាសម្ព័ន្ធនានា ដោយជំរុញឱ្យប្រជាពលរដ្ឋប្រុងស្មារតី និងមានការប្រុងប្រយ័ត្ន៕
